ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា បញ្ហាទឹកដីកម្ពុជាក្រោមត្រូវបាន បាត់បង់តាំងពីសម្តេច និងឪពុកសម្តេចមិនទាន់កើត ដូច្នេះអ្នកចង់ឲ្យទាមទារ យកទឹកកម្ពុជាក្រោមមកវិញ មានតែជួយក្តាមជ្ឈូសប៉ុណ្ណោះ។
សម្តេចតេជោបានថ្លែងក្នុងពិធីដាក់ ឲ្យប្រើប្រាស់ ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញ-កំពត នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ថា បន្ទាប់ពីសម្តេចបង្ហោះសារ នៅហ្វេសប៊ុកពាក់ព័ន្ធសង្គ្រារុស្ស៊ី និងអ៊ុយក្រែនស្រាប់តែមាន អ្នកចូលខមិនស្នើឲ្យសម្តេច យកកងទ័ពទៅវាយវៀតណាម ដើម្បីយកទឹកដីកម្ពុជាក្រោមវិញ។
ជាការឆ្លើយតបទៅនឹងអ្នកខមមិននោះវិញ សម្តេចតេជោ លើកឡើងថា «សូមទៅវៃយកខ្លួនឯងទៅ ខ្ញុំជួយធ្វើក្តាមជ្ឈូសនិងកប់ខ្មោចឲ្យ។ កម្ពុជាក្រោមបាត់តាំងពីខ្ញុំមិនទាន់កើត ឪពុកខ្ញុំមិនទាន់កើត រឿងអ្វីឲ្យខ្ញុំទៅយក? អ្នកណាពូកែសូមអញ្ជើញទៅ ហើយខ្ញុំជួយក្នុងការជួយធ្វើក្តាមជ្ឈូស និងជួយកប់ខ្មោចឲ្យ ពីព្រោះរឿងនេះ ខ្ញុំបាននិយាយតាំងពីឆ្នាំ១៩៩៥ ឬ១៩៩៦ ។ រឿងនឹង ខ្ញុំបានប្រកាសត្រង់ៗអីចឹង ដោយសាររឿងនេះ ជាអតីតកាលកន្លងផុតហើយ រហូតដល់ពិភពលោកបានគូសផែនទីរួចហើយ សូម្បីផែននៅលើយន្តហោះ ដែលគេដាក់ឲ្យមើលក៏បង្ហាញថា ព្រំដែនកម្ពុជានៅមានសព្វថ្ងៃ” ។
បើតាមឯកសារ គឺប្រវត្តិនៃទឹកដីកម្ពុជាក្រោមដែលបារាំងហៅថា កូសាំងស៊ីន (Cochinchine) ត្រូវបានកត់ត្រាទុកនៅក្នុង ឯកសារប្រវត្តិសាស្រ្តជាច្រើន ។ ទឹកដីកម្ពុជាក្រោមត្រូវបានបារាំង កាត់ទៅឲ្យវៀតណាម នៅឆ្នាំ១៩៤៩ ជារឿងមិនអាចប្រកែកបាន ដោយសារតែមានឯកសារច្បាប់ជាសំអាង គឺច្បាប់ដែលសភាបារាំងបានអនុម័ត នៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩។ តាមការពិត កម្ពុជាបានចាប់ផ្តើម បាត់ដីកម្ពុជាក្រោមបន្តិចម្តងៗ តាំងពីអំឡុងសតវត្សរ៍ទី១៧ គឺនៅក្នុងរាជ្យព្រះបាទជ័យជេដ្ឋាទី២ ដែលមានមហេសីជាកូនស្រីស្តេចអាណ្ណាម ហើយបានអនុញ្ញាតឲ្យជនជាតិវៀតណាម ចូលមករស់នៅក្នុងខេត្តព្រៃនគរ (ឈ្មោះដើម ខេត្តព្រៃគ)។ គិតត្រឹមឆ្នាំ១៨៣៤ ពោលប្រមាណជា ៣០ឆ្នាំមុនពេលបារាំង ចូលមកដាក់អាណានិគមនៅឥណ្ឌូចិន កម្ពុជាបានបាត់បង់ទឹកដីកម្ពុជា ក្រោមស្ទើរតែទាំងស្រុង (លើកលែងតែស្រុកទ្រាំង ដែលបាត់បង់នៅឆ្នាំ១៨៤០)៕