ព័ត៌មានជាតិ

សង្គ្រោះពលរដ្ឋ ពីជំងឺកូវីដ១៩ គ្រោះទឹកជំនន់ និងផ្ដល់ជំនួយមនុស្សធម៌ គឺរដ្ឋបាលរាជធានី អនុវត្តល្អបំផុត ក្នុងឆ្នាំ២០២១

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២១កន្លងមកនេះ សកម្មភាពចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់អាជ្ញាធររាជធានីភ្នំពេញ ត្រូវបានកាត់បន្ថយ តែបានជំនួសមកវិញនូវសកម្មភាពសង្គ្រោះ ប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ពីគ្រោះជំនន់ទឹកភ្លៀង ជាមួយនឹងការផ្ដល់ជំនួយមនុស្សធម៌ ជាចាំបាច់ផងដែរ ។ នេះគឺជាការអនុវត្តយ៉ាងល្អរបស់រដ្ឋបាលរាជធានីភ្នំពេញ ។ នេះជាការថ្លែងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

ក្នុងពិធី “បើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ” នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ លោក ឃួង ស្រេង បានលើកឡើងពីសមិទ្ធផល និងស្នាដៃសំខាន់ៗ របស់រដ្ឋបាលរាជធានីសម្រេចបានឆ្នាំ២០២១ រួមទាំងសកម្មភាពសង្គ្រោះ ប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ជាមួយនឹងការផ្ដល់ជំនួយមនុស្សធម៌ ជាចាំបាច់ដែលនោះ សុទ្ធសឹងតែជា ការចូលរួម ចំណែកយ៉ាងសកម្មពីក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន, ក្រុមប្រឹក្សាគណៈអភិបាល, ថ្នាក់ដឹកនាំ, មន្ត្រីរាជការ, កងកម្លាំង, បុគ្គលិករដ្ឋបាលគ្រប់លំដាប់ថ្នាក់, ទីក្រុងសម្ព័ន្ធមេត្រី, អង្គការសង្គមស៊ីវិល, ដៃគូអភិវឌ្ឍន៍, សប្បុរសជន, វិស័យឯកជន និងប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, ក្រសួង-ស្ថាប័ន, ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន, ទីក្រុងសម្ព័ន្ធមេត្រី, អង្គការសង្គមស៊ីវិល, ដៃគូអភិវឌ្ឍន៍, សប្បុរសជន និងវិស័យឯកជនទាំងអស់ ដែលបានផ្តោតការយកចិត្ត ទុកដាក់ខ្ពស់ និងផ្តល់ការឧបត្ថម្ភគាំទ្រ ជាប់ជាប្រចាំដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចូលរួមអនុវត្ត ការងារក្នុងឆ្នាំកន្លងមក ឲ្យប្រព្រឹត្តទៅដោយជោគជ័យ ពុះពារជម្នះបានរាល់ការលំបាកស្មុគស្មាញ ឧបសគ្គរាប់មិនអស់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ជាពិសេសការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយរក្សាបានសន្តិសុខ -សណ្ដាប់ធ្នាប់សាធារណៈល្អជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសព្រហ្មទណ្ឌកើតមាន ៣២៨/៦៥៤ លើក ថយចុះ ៣២៦ លើក ស្មើនឹង ៤៩,៨% ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសចំនួន ៣១១ ករណី ស្មើ ៩៤,៨% នៃចំនួនបទល្មើស ។ នេះបង្ហាញឲ្យឃើញ ពីសញ្ញាណវិជ្ជមាន នៃការថយចុះចំនួនបទល្មើស ព្រហ្មទណ្ឌ, សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការបង្ក្រាប បទល្មើសកាន់តែ មានប្រសិទ្ធភាព ។ ចំពោះគ្រោះថ្នាក់ចរាចរណ៍វិញ ក៏មានការថយចុះប្រមាណ៤៣,២% បើប្រៀបធៀបឆ្នាំ២០២០ ។ ប៉ុន្តែបន្ទាប់ពីការបើកដំណើរ ការសេដ្ឋកិច្ច-សង្គមឡើងវិញ លើគ្រប់វិស័យបានហក់ស្ទុះឡើងវិញ ស្របពេលបទល្មើសគ្រឿងញៀន នៅតែជាក្តីកង្វល់រួម របស់គណៈបញ្ជាការឯកភាពរដ្ឋ បាលរាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បញ្ជាក់ដែរថា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តវិធានការរដ្ឋបាល ចុះរុះរើបែលចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេចំនួន១.៧៤១ ទីតាំង នៅក្នុងភូមិសាស្ត្រ ខណ្ឌចំនួន៥ជាប់ដងទន្លេ ៕

To Top