ព័ត៌មានជាតិ

ជប៉ុនផ្ដល់ជំនួយជាង ៤៣លានដុល្លារ ដល់កម្ពុជា សម្រាប់បោសសម្អាតមីន និង ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ ជំនួយឥតសំណង ជាផ្លូវការចំនួន ៤៣,៥លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់បោសសម្អាតមីន សង្រ្គោះជនពិការ ដោយសារមីន និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ។

លោក ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេសកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត ជប៉ុន ប្រចាំ កម្ពុជា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ បានចុះ ហត្ថលេខា លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន ដើម្បីអនុវត្តគម្រោងចំនួន ២រួមមាន៖ ១.ការបោសសម្អាតមីន ប្រកបដោយសមាហរណកម្ម និងសង្រ្គោះជនពិការដោយសារ មីនដំណាក់កាលទី ២ ដែលមានទឹកប្រាក់ចំនួន ២.០០០ លានយ៉េន (ប្រមាណ ១៨,២លានដុល្លារ) និង២.ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ដែលមានទឹកប្រាក់ចំនួន ២.៧៨៦លានយ៉េន (ប្រមាណ ២៥,៣លានដុល្លារ )។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ជំនួយ របស់ជប៉ុនលើគម្រោងការបោសសម្អាតមីន ប្រកបដោយសមាហរណកម្ម និងសង្រ្គោះជនពិការ ដោយសារមីន ដំណាក់កាលទី២ នឹងជួយឱ្យមជ្ឈមណ្ឌល សកម្មភាពមីនកម្ពុជា (CMAC) អាចបន្តបេសកកម្ម របស់ខ្លួន ដើម្បីបោសសម្អាតគ្រាប់មីន នៅតាមតំបន់ឆ្ងាយៗ ជាពិសេសនៅតាមបណ្តោយព្រំដែន ដើម្បីអាចឱ្យប្រជាជន មូលដ្ឋានទទួល ផលប្រយោជន៍ពីសកម្មភាព កសិកម្មលើដី ដែលបានបោសសម្អាតគ្រាប់មីនរួច ។

លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ប្រទេសជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែង នានា ពាក់ព័ន្ធនឹងការដោះមីន នៅកម្ពុជា តាមរយៈការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងឧបករណ៍ ទាំងក្រោមភ្នាក់ងាររបស់រដ្ឋាភិបាលជប៉ុន និងអង្គការមិនមែនរដ្ឋាភិបាល។

លោកបានគូសបញ្ជាក់បន្ថែមថា ក្រោមគម្រោងពង្រីកប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់ខេត្ត នឹងត្រូវបានពង្រីក បន្ថែមទៀត ទៅលើសមត្ថភាពបណ្តាញចែកចាយ និងសមាមាត្រគ្របដណ្តប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើង ដែលបណ្តាលមកពីកំណើន នៃចំនួនប្រជាជននៅក្នុងខេត្ត ។ ប្រទេសជប៉ុន ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រព័ន្ធ ផ្គត់ផ្គង់ទឹកនៅកម្ពុជាផងដែរ ដោយបានផ្តល់ទាំងជំនួយ ឥតសំណង និងកម្ចី ក្នុងការពង្រីកគម្រោងផ្គត់ផ្គង់ទឹកស្អាត នៅខេត្តសៀមរាប ពោធិ៍សាត់ និងតាខ្មៅ នៅក្នុងប៉ុន្មានឆ្នាំ ចុងក្រោយនេះ ។

ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាង ស្មោះស្ម័គ្រចំពោះ រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយ ដល់កម្ពុជាជាបន្តបន្ទាប់ ហើយជំនួយទាំងនោះបានគ្របដណ្តប់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ការអប់រំ ការផ្គត់ផ្គង់ទឹក និងការដោះមីន និងបានចូលរួមចំណែកយ៉ាងសំខាន់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង ធនធានមនុស្សរបស់កម្ពុជា ។

លោកឧបនាយករដ្ឋមន្រ្តី បានកត់សម្គាល់ ដោយពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងវិស័យជាច្រើនរវាងកម្ពុជា និងជប៉ុន នៅតែបន្តរីកចម្រើន ទោះបីជាមានការលំបាក ដោយសារជំងឺរាតត្បាតកូវីដ-១៩ ក្តី ៕

To Top