ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានប្រកាសឲ្យដឹងថា លោកនឹងអញ្ជើញបំពេញទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេស ប្រធានអាស៊ាន ចាប់ពីថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ។
លោក ប្រាក់ សុខុន ថ្លែងបែបនេះនៅក្នុងពិធីចុះហត្ថលេខា លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទា ឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្តគម្រោងចំនួន ២នៅកម្ពុជា នាព្រឹកថ្ងៃទី២ មីនានេះ ។
ពាក់ព័ន្ធនិងបញ្ហាមីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានបង្ហាញឱ្យឃើញច្បាស់ នូវការប្តេជ្ញាចិត្តរបស់សម្តេច ក្នុងការជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ា តាមរយៈការអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា កាលពីដើមខែមករា ឆ្នាំ២០២២ ដែលដំណើរទស្សនកិច្ចនេះ គឺដើម្បីបំបែកភាពជាប់គាំង និងបើកផ្លូវឱ្យមានវឌ្ឍនភាពបន្ថែមទៀត ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC)។
ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានលើកឡើងផងដែរ អំពីផែនការរបស់លោក ដើម្បីទៅបំពេញទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន ពីថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ។
លើសពីនេះប្រមុខការទូតកម្ពុជា បានរំលឹកឡើងវិញអំពី ជំនួបសន្ទនាតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោ ហ៊ុន សែន និងលោក KISHIDA Fumio នាយករដ្ឋមន្ត្រីជប៉ុន ដែលថ្នាក់ដឹកនាំពីរបានឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ រវាងប្រទេសទាំងពីរបន្ថែមទៀត ខណៈឆ្នាំនេះជាខួបលើកទី ៣០ នៃបេសកកម្មនៅក្រៅប្រទេសលើកដំបូង របស់កងកម្លាំងស្វ័យការពារជាតិជប៉ុន ប្រចាំកម្ពុជា ក្រោមប្រតិបត្តិការរក្សាសន្តិភាព អង្គការសហប្រជាជាតិ (PKO)។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញផងដែរ អំពីជំនួបតាមទូរស័ព្ទជាមួយសមភាគី ជប៉ុនរបស់លោកចំនួនពីរដង និងដំណើរ ទស្សនកិច្ច ប្រកប ដោយ ជោគជ័យ ទៅកាន់ ប្រទេសជប៉ុនរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ដែលជាសក្ខីភាព នៃការប្តេជ្ញាចិត្តរួមក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងក្នុងវិស័យការពារជាតិ ៕