ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវការពារសុវត្ថិភាពស្ថានទូត ឬស្ថានតំណាង នៅកម្ពុជា ឲ្យបានជាដាច់ខាត ក្នុងស្ថានភាពសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនកំពុងតានតឹង ។
ក្នុងបិទសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង មានប្រសាសន៍ថា «ក្នុងស្ថានភាព ដែលសង្គ្រាមនៅអ៊ុយក្រែន កំពុងតានតឹង យើងចាំបាច់ត្រូវយកចិត្តទុកដាក់ ដើម្បីនឹងធានា នូវសុវត្ថិភាពដល់ស្ថានទូត ស្ថានតំណាង ដែលមានការពាក់ព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់យើងឲ្យបានជាដាច់ខាត»។
សម្ដេចបន្ដថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ មិនត្រូវមើលស្រាល ចំពោះជនឱកាសនិយម ឬឧដ្ឋក្រិដ្ឋជន ដែលអាចនឹងប្រើប្រាស់ស្ថានការណ៍ សង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែន ធ្វើឲ្យមានបញ្ហា ដល់ស្ថានទូត ស្ថានតំណាង បុគ្គល ឬមន្ដ្រីរបស់ស្ថានទូត ឬស្ថានតំណាងទាំងនោះ ហើយធ្វើយ៉ាងណាការពារ សុវត្ថិភាពជូនពួកគាត់ ។
សូមបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមបញ្ជាយោធា ចូលវាយប្រហារ និងឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នកងកម្លាំងរុស្ស៊ី បាននិងកំពុងចូលឈ្លានពានប្រទេសអ៊ុយក្រែន ជាច្រើនកន្លែង ជាពិសេសក្រុងធំៗ របស់អ៊ុយក្រែន៕