ភ្នំពេញ ៖ លោក ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូ អមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល បានឲ្យដឹងថា លោក ឯក ថា អតីតជាអ្នក សារព័ត៌មាន ដ៏ចំណាន មួយរូប នៅកម្ពុជា និងបច្ចុប្បន្នជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធាន ប្រចាំការអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានទទួលមរណភាព នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ ដោយសារគាំងបេះដូង ។

លោក ផៃ ស៊ីផាន បានប្រាប់មជ្ឈមណ្ឌលដើមអម្ពិល មុននេះបន្តិចថា “លោក ឯក ថាបានស្លាប់ ដោយសារគាំងបេះដូង ហើយសពបានបញ្ជូនទៅតម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋាន នៅឯស្រុកកំណើត គឺនៅស្រុកគិរីវង្ស ខេត្តតាកែវ” ។
លោកបានបង្ហាញការសោកស្តាយ ដោយសារបាត់បង់ធនធានមនុស្ស ដែលមានសមត្ថភាពពោរពេញទៅដោយចំណេះដឹងដូចលោក ឯក ថា ។ បើតាមលោក ផៃ ស៊ីផាន លោកឯក ថា បានទៅទទួលការ អប់រំនៅសហរដ្ឋអាមេរិក និងជាបណ្ឌិតផ្នែកទំនាក់ទំនងការ បរទេស មកពីចក្រភពអង់គ្លេសផងដែរ។

សូមបញ្ជាក់ថា លោក ឯក ថា ឬឈ្មោះមួយទៀត គឺ ឯក ម៉ាដ្រា មុនមកបម្រើការងារ ក្នុងជួររាជរដ្ឋាភិបាល នៅឆ្នាំ២០០៩ លោកគឺអ្នកកាសែត ដែលបានចាប់ផ្តើមនៅឆ្នាំ១៩៩៤ ។ លោកធ្លាប់ធ្វើការនៅកាសែត The Cambodia Daily និងទីភ្នាក់ងារព័ត៌មាន Reuters ។ លោក ឯក ថា ក៏ជាអ្នកសរសេរសៀវភៅ មួយរូបផងដែរ ដោយបានសរសេរ ៤ក្បាលហើយ ។ មុនពេលទទួលមរណភាពលោក ក៏មានបំណងសរសេរសៀវភៅ មួយក្បាលទៀត ដែលនិយាយ ពីនយោបាយផ្ទៃក្នុងកម្ពុជា នយោបាយការបរទេស ក៏ដូចជាតួនាទីរបស់កម្ពុជា នៅក្នុងឆាកអន្តរជាតិ ៕
