ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា ស្រុកឱរ៉ាល់ បានចុះឈ្មោះបេក្ខជនចូលរួមបោះឆ្នោត គ្រប់ឃុំទាំងអស់

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបញ្ជូន និងចុះឈ្មោះបេក្ខជនរបស់ខ្លួន គ្រប់ទាំង៥ឃុំ ស្របទៅតាមនីតិវិធីរបស់គ.ជ.ប.ខណៈ គ.ជ.ប បានចាប់ផ្តើមចុះឈ្មោះបេក្ខជនចូលរួមបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ពីថ្ងៃនេះតទៅ ។

លោក យឿន យឿត អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល បានឲ្យដឹងថា គ្រប់បណ្តាការិយាល័យរៀបចំការបោះឆ្នោតនៅតាមឃុំទាំង៥នៃស្រុកឱរ៉ាល់នេះ បានចាប់ផ្តើមទទួលការចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ហើយគណបក្សប្រជាជនកម្ពុជា ក៏បានចុះឈ្មោះបេក្ខជនរបស់ខ្លួន ទាំងពេញសិទ្ធ និងបំរុងចំនួន៦០រូបរួចជាស្ថាបពរហើយ ដោយបេក្ខជនទាំងអស់នោះសុទ្ធតែមានសមត្ថភាព និងឆន្ទៈ មនសិការបំរើប្រជាជន និងផលប្រយោជន៍រួមទាំងអស់។

លោក យឿន យឿត បានបន្តថា ការចុះឈ្មោះបេក្ខជន ដើម្បីចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃនេះ បេក្ខជនទាំងអស់របស់គណបក្សប្រជាជនកម្ពុជា នៅឃុំទាំង៥ នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនេះ បានគោរពតាមនីតិវិធីរបស់គ.ជ.ប.ផងដែរ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២២ និងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ចំនួនជិត១០លាននាក់ ខណៈការិយាល័យដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខមានចំនួនជាង២ម៉ឺនការិយាល័យនៃឃុំ-សង្កាត់នៅទូទាំងប្រទេសសរុបចំនួន ១៦៥២ឃុំ-សង្កាត់នោះ៕

To Top