ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ នឹងចាត់វិធានការ ចំពោះមន្ត្រីរាជរបស់ខ្លួន ដែលមានវិសមិតភាព បំពេញមុខងារសាធារណៈ និងប្រកបវិជ្ជាជីវៈ ជាមេធាវី

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំពីការចាត់វិធានការ ចំពោះមន្ត្រីរាជការក្រសួងមហាផ្ទៃ ដែលមានវិសមិតភាព ក្នុងការបំពេញ មុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវី ។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឱ្យដឹងថា កន្លងមក ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែ ស្តីពីវិសមិតភាព ក្នុងការបំពេញមុខងារសាធារណៈ និង ការប្រកបវិជ្ជាជីវៈជាមេធាវី របស់មន្ត្រីរាជការ ក្រសួងមហាផ្ទៃ ដល់មន្ត្រីរាជការ ចំណុះក្រសួងមហាផ្ទៃ ឱ្យជ្រើសរើស យកការបំពេញមុខងារ ជាអ្នករាជការសាធារណៈ ឬប្រកបវិជ្ជាជីវៈជាមេធាវី និង តម្រូវឱ្យសាមីខ្លួនធ្វើការជ្រើសរើស យកវិជ្ជាជីវៈតែមួយ ដោយត្រូវរៀបចំ នីតិវិធី ដើម្បីស្ថិតក្នុងស្ថានភាព សុំមិនប្រកបវិជ្ជាជីវៈណាមួយ ឬសុំនៅក្រៅបញ្ជីនៃគណៈមេធាវី ។

ដើម្បីឱ្យការអនុវត្ត សេចក្តីណែនាំខាងលើ មានប្រសិទ្ធភាពខ្ពស់ សំដៅពង្រឹងការ អនុវត្តច្បាប់ ពង្រឹងការ អនុវត្តតួនាទីភារកិច្ច របស់មន្ត្រីក្រោម ឱវាទក្រសួងមហាផ្ទៃ និងជៀសវាងមន្តី្ររាជការ មានវិសមិតភាព ក្នុងការបំពេញមុខងារ សាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវី ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំបន្ថែម និងមានវិធានការ ចំពោះមន្ត្រីរាជការ ក្រោមឱវាទក្រសួងមហាផ្ទៃ ដូចខាងក្រោម៖

ទី១-បញ្ជូនបញ្ជីឈ្មោះមេធាវី ដែលស្ថិតក្នុងស្ថានភាព សុំមិនប្រកបវិជ្ជាជីវៈ ឬសុំនៅក្រៅបញ្ជី នៃគណៈមេធាវីជូនគ្រប់អង្គភាព នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំណុះក្រសួង មហាផ្ទៃ ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ មន្ត្រីរាជការដែលប្រកបវិជ្ជាជីវៈជាមេធាវី ខណៈពេលកំពុងបំពេញ មុខងារសាធារណៈ។

ទី២-ក្នុងករណីដែលមន្ត្រីរាជការ ចំណុះអង្គភាពរបស់ខ្លួន ប្រកបវិជ្ជាជីវៈជាមេធាវី និង ពុំមានឈ្មោះ ក្នុងបញ្ជីឈ្មោះមេធាវី ដែលស្ថិតក្នុងស្ថានភាព សុំមិនប្រកបវិជ្ជាជីវៈ ឬសុំនៅក្រៅបញ្ជី នៃគណៈមេធាវីទេ ប្រធានអង្គភាព ត្រូវណែនាំសាមីខ្លួន ឱ្យប្រញាប់រួសរាន់ សម្រេចជ្រើសរើសយកវិជ្ជាជីវៈតែមួយ ដោយទុក រយៈពេល ០៣ខែ គិតពីថ្ងៃចេញសេចក្ដីណែនាំនេះ ។ បើសាមីខ្លួននៅតែពុំជ្រើសរើសយក វិជ្ជាជីវៈ តែមួយនោះទេ ប្រធានអង្គភាពត្រូវរាយការណ៍ ជាលាយលក្ខណ៍អក្សរមកក្រសួង មហាផ្ទៃ ដើម្បីក្រសួងចាត់វិធានការ ដោយលុបឈ្មោះចេញពីក្របខណ្ឌ ក្រសួងមហាផ្ទៃ៕

To Top