ព័ត៌មានជាតិ

ចិន គាំទ្រយ៉ាងពេញទំហឹង ចំពោះបេសកកម្មកម្ពុជា ក្នុងនាមប្រធានអាស៊ាន ដោះស្រាយបញ្ហានៅភូមា

ភ្នំពេញ៖ ចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា និងគាំទ្រដល់បេសកកម្មរបស់លោក ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ាន ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ។

ក្នុងជំនួបជាមួយលោកស្រី យ៉ាង យ៉ាន់យី តំណាងពិសេសរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានជម្រាបជូនគណៈប្រតិភូអំពី គម្រោងដំណើរទស្សនកិច្ច ជាលើកដំបូងរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធាន អាស៊ាន ដែលនឹងគ្រោងធ្វើឡើងនៅចុងខែនេះ។

លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុចរបស់អាស៊ាន ជាពិសេសដើម្បីបញ្ចប់អំពើហិង្សា បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ តាមរយៈការរៀបចំឱ្យមានកិច្ចប្រជុំ ពិគ្រោះយោបល់ស្តីពី ការផ្តល់ជំនួយមនុស្សធម៌ និងបង្កើតបរិយាកាសអំណោយផល ដល់កិច្ចសន្ទនានយោបាយក្នុងចំណោម គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅរកការបង្រួបបង្រួមជាតិ។

ក្នុងឱកាសជំនួបនោះដែរលោកស្រី យ៉ាង យ៉ាន់យី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងតួនាទីជាប្រធានអាស៊ាន ក្នុងការធ្វើឱ្យមានវឌ្ឍនភាពលើ ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុចរបស់អាស៊ាន តាមរយៈដំណើរទស្សនកិច្ចការងារ របស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

លោកស្រី ក៏បានគូសបញ្ជាក់អំពី ការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសចិន ចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា និងគាំទ្រដល់បេសកកម្មរបស់លោក ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ផងដែរ។

ជាមួយគ្នានោះលោកស្រីបានសង្កត់ធ្ងន់ថា ប្រទេសចិន នឹងដើរតួនាទីស្ថាបនា ក្នុងការស្វែងរកដំណោះស្រាយ ប្រកបដោយសន្តិវិធីចំពោះវិបត្តិ នៅប្រទេសមីយ៉ាន់ម៉ា ៕

To Top