នយោបាយ

សម្ដេចតេជោ ៖ មិនទាន់រកពេលវេលាសមស្រប ឯកភាពកំណត់ពេលប្រជុំ កំពូលអាស៊ាន-អាមេរិក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា តាមការគ្រោងទុកកិច្ចប្រជុំ កំពូលអាស៊ាន-អាមេរិក នឹងធ្វើឡើងនាថ្ងៃ២៨-២៩ខែមីនា ឆ្នាំ២០២២ ប៉ុន្តែដោយសារមិនទាន់ឯកភាពគ្នា រវាងប្រទេសជាសមាជិកអាស៊ាន គឺកិច្ចប្រជុំនេះ មិនទាន់អាចកំណត់ពេលវេលា នៃការប្រជុំនៅឡើយទេ ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោបានមានប្រសាសន៍ថា ដោយសារភាពមិនច្បាស់លាស់ រវាងអាស៊ាន-អាមេរិក ខណៈអាមេរិក បានប្រកាសថា នឹងរៀបចំប្រជុំ នៅថ្ងៃទី២៨-២៩ មីនា ។ ដោយឡែក មេដឹកនាំអាស៊ានជាច្រើន បានទាមទារឲ្យមានកិច្ចប្រជុំ ថ្ងៃទី២៦-២៧ មីនាវិញ ហើយ អាមេរិក ក៏មិនទទួលពេលវេលានោះបានទេ ។

សម្ដេចតេជោបន្តថា «ប៉ុន្តែក្នុងពេលដែលប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួល មិនទាន់បានសម្របសម្រួល ពេលវេលានៅឡើយទេ ឥឡូវមេដឹកនាំអាស៊ានជាច្រើន ទាមទារឲ្យមានការប្រជុំ នៅថ្ងៃទី២៦-២៧ (ខែមីនា) ហើយខាងសហរដ្ឋអាមេរិក បញ្ជាក់ថា ថ្ងៃទី២៦-២៧ សហរដ្ឋអាមេរិក មិនអាចទទួលពេលវេលានោះបានទេ ឯមេដឹកនាំអាស៊ាន៣ថា មិនអាចចូលរួមប្រជុំ នៅថ្ងៃទី២៦-២៧ បានទេ អីចឹងវានៅខុសគ្នា»។

សម្តេចតេជោ សង្ឃឹមថា អាស៊ាន-អាមេរិកនឹងរកបានពេលវេលាសមស្រប តាមការសម្រុះសម្រួលគ្នា ប៉ុន្តែសម្រាប់សម្តេច គឺស្វាគមន៍នៅពេលវេលាណាមួយក៏បាន លើកលែងតែចាប់ពី ពាក់កណ្តាលខែឧសភា រហូតដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២ ដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ទើបសម្តេចមិនអាចចេញ ទៅក្រៅប្រទេសបាន។

លើសពីនេះទៀត សម្តេចតេជោក៏បានស្នើ ឲ្យមន្រ្តីរបស់សម្តេច បម្រុងទុកសម្រាប់កម្មវិធីសម្តេច នៅក្នុងប្រទេសកម្ពុជា ដោយយកថ្ងៃទី២៨ ខែមីនា ប្រសិនបើកិច្ចប្រជុំអាស៊ាន-អាមេរិក ត្រូវលើកពេលមិនអាចរៀបចំ នៅថ្ងៃនេះបាន៕

To Top