ព័ត៌មានជាតិ

២ខែ កម្ពុជា​ នាំអង្ករចេញ ១០ម៉ឺនតោន និងស្រូវជាង ៦៤ម៉ឺនតោន

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា រយៈពេល២ខែ ដើមឆ្នាំ២០២២ ប្រទេសកម្ពុជា បាននាំអង្ករចេញចំនួន ១០៣ ០៥៨តោន និងស្រូវចំនួន ៦៤១ ១០១តោន ដែលគិតជាទឹកប្រាក់សរុប មានចំនួនជាង ២១៤.៥៦លានដុល្លារ។

យោងតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា «នៅក្នុងរយៈពេល២ខែ នៃដើមឆ្នាំ២០២២ កម្ពុជា បាននាំអង្ករចេញគ្រប់ប្រភេទ បានចំនួន ១០៣ ០៥៨តោន ដែលគិតជាទឹកប្រាក់ ចំនួនជាង ៦៦.៦៩ លានដុល្លារ និងបាននាំស្រូវចម្រុះគ្រប់ប្រភេទ ទៅកាន់ទីផ្សារប្រទេសវៀតណាម បានចំនួន ៦៤១ ១០១តោន ដែលគិតជាទឹកប្រាក់ បានចំនួនជាង ១៤៧.៧៨លានដុល្លារសហរដ្ឋអាមេរិក»។

សហព័ន្ធស្រូវអង្ករ បានបន្ដថា បរិមាណនាំចេញអង្ករ មានកំណើនសរុបចំនួន ៣៥.២១% ហើយស្រូវមានកំណើន ចំនួន១៦.៤៧% បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២១។ បរិមាណអង្ករក្រអូបចំនួន ៧៧.៦៤% និងអង្ករសចំនួន២០.៤៤% អង្ករសរីរាង្គ និងអង្ករចំហុយបានចំនួន ១.៩២% ត្រូវបាននាំចេញក្នុងរយៈពេល២ខែ នៃឆ្នាំ២០២២។

សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបរាប់ថា គោលដៅចំនួន៤២ ត្រូវបាននាំអង្ករចេញទៅដែលក្នុងនោះរួមមាន ១. ប្រទេសចិនមានបរិមាណចំនួន ៥៣.២៥% ២. ប្រទេសបារាំងចំនួន ១១.៦៤% ៣. ប្រទេសម៉ាឡេស៊ីចំនួន ៤.៤៦% ៤. ប្រទេសព្រុយណេចំនួន ៤.២០% ៥. ប្រទេសហូឡង់ចំនួន ៣% ៦. ប្រទេសអង់គ្លេសចំនួន ២.៨១% ៧. ប្រទេសសាធារណៈរដ្ឋឆែក ចំនួន២.៧៩% ៨. ប្រទេសហ្កាប៊ុងចំនួន ២.៥២% ៩. ប្រទេសអ៊ីតាលីចំនួន ២.៣៤% ១០. បណ្តាគោលផ្សេងចំនួន ៣៣(ដែលក្នុងនោះមានទាំងប្រទេស រុស្សី និងអ៊ុក្រែន ផងដែរ) ស្មើរនឹងចំនួន ១២.៩៩% ។

សូមបញ្ជាក់ថា សម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករចំនួន ៥០ ០២២ តោន និងស្រូវចំនួន ៣៧៥ ៥៩០ តោន ដែលគិតជាទឹកប្រាក់សរុបចំនួន ១១៩.២៧ លានដុល្លារ៕

To Top