ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបងបានជំរុញ បេក្ខជនឈរឈ្មោះ បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា បន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីប្រមូលការគាំទ្រ សម្រាប់ការបោះឆ្នោត នាពេលខាងមុខ។
តាមរយ:គេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានអញ្ជើញចុះពិនិត្យ សហគ្រាសទឹកស្អាត សហគមន៍ក្នុងឃុំជាច និងឃុំក្របៅ ព្រមទាំងជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំក្របៅ និងឃុំជាច នៃស្រុកកំចាយមារ ខេត្តព្រៃវែង។
នាឱកាសនោះ សម្ដេច ស ខេង បានណែនាំក្រុមការងារ គ្រប់គ្រងសហគ្រាសទឹកស្អាត សហគមន៍បន្តការខិតខំថែទាំ និងគ្រប់គ្រងដំណើរការ សេវាកម្មទឹកស្អាតនេះឲ្យបានល្អ ។
នាឱកាសចុះមូលដ្ឋាននោះដែរ សម្ដេច ស ខេង ក៏បានបន្តអញ្ជើញជួបសំណេះសំណាល ជាមួយបេក្ខជនឈរឈ្មោះ ក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ដែលអញ្ជើញមកពីឃុំចំនួន៣ រួមមាន ឃុំក្របៅ ឃុំជាច និងឃុំក្រញូង នៃស្រុកកំចាយមារ ខេត្តព្រៃវែង។
សម្ដេចបានបញ្ជាក់ថា «ត្រូវជំរុញលើកទឹកចិត្តឲ្យបេក្ខជនទាំងអស់ បន្តខិតខំធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ ដើម្បីប្រមូលការគាំទ្រ សម្រាប់ការបោះឆ្នោតខាងមុខ»។
សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ នៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ៕