ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ប្រកាសមិនគាំទ្រ ការយកទង់ជាតិខ្មែរមកច្នៃ ជាម៉ូដសម្លៀកបំពាក់

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា ប្រកាសមិនគាំទ្រចំពោះការយកទង់ជាតិខ្មែរ ទៅច្នៃធ្វើជាម៉ូដសម្លៀកបំពាក់ ។ នេះបើតាមការបញ្ជាក់របស់លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា ។

ការលើកឡើងរបស់លោកនេះ ក្រោយពីមានតារាចម្រៀងម្នាក់ អមដោយក្រុមហែរហមបាន ស្លៀកសំលៀកបំពាក់ជារូបទង់ជាតិខ្មែរ យ៉ាងច្រើនទៅតាំងបង្ហាញរូប នៅតំបន់ជុំវិញប្រាសាទអង្គរវត្ត កាលពីពេលថ្មីៗនេះ ។

លោក ឡុង កុសល បានឲ្យដឹងកាលពីរសៀលថ្ងៃ៧ មីនាថា ការយកទង់ជាតិខ្មែរដែលជានិមិត្តរូបរបស់ជាតិខ្មែរមកច្នៃជាម៉ូដសំលៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃដល់ទង់ជាតិ គឺទង់ជាតិតែងតែត្រូវបានបង្ហូតឡើងលើដោយអមជាមួយនូវការច្រៀង និងភ្លេងជាតិ ។ ទង់ជាតិគឺជានិមិត្តរូបជាតិ ។

លោកបន្តថា ទង់ជាតិត្រូវបានគោរពដោយស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី ជាតិមាតភូមិ ។ ម្យ៉ាងទៀតទង់ជាតិ ក៏ត្រូវបានផ្ដល់ជាមហាកិត្តិយសសម្រាប់វីរជនយុទ្ធជន យុទ្ធនារីដែលបានពលីជីវិតនៅពេលបានចេញច្បាំងការពារជាតិ ទឹកដី ឬទៅបំពេញបេសសកម្មមនុស្សធម៌នៅក្រៅ គឺជាតិតែងដឹង គុណ និងយកទង់ជាតិទៅគ្រងពីលើដើម្បីសម្តែងការគោរព និងដឹងគុណ។

លោកសង្កត់ធ្ងន់ថា «ដូច្នេះការយករូបភាពទង់ជាតិមកធ្វើ ជាសំលៀកបំពាក់គឺមិនសមរម្យទេ ព្រោះការ យកទង់ជាតិខ្មែរទៅច្នៃ ធ្វើជាម៉ូដសម្លៀកបំពាក់ អាចជាការប្រមាថ ដូចជា នៅពេលដែលគេស្លៀកពាក់ គឺគេហាក់បីដូចជាបានអង្គុយលើទង់តំណាងឲ្យជាតិទាំងមូល ឬក៏នៅពេលដែលសម្លៀកបំពាក់នោះ ប្រឡាក់ អ្នកខ្លះមិនបានយកទៅបោកសម្អាតទេ បែរជាយកទៅទុកចោលជាដើម» ។

លោក ឡុង កុសល បញ្ជាក់ថា ប្រសិនបើចង់បង្ហាញឲ្យឃើញពីទឹកចិត្តស្រឡាញ់ជាតិពិតមែននោះ គឺ នៅពេលមកទស្សនាតំបន់អង្គរដែលជាសម្បត្តិវប្បធម៌ និងបេតិកភណ្ឌរបស់មនុស្សជាតិ ត្រូវជួយចូល រួមការពារបរិស្ថាន កុំបោសសំរាមចោល នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវធ្វើដំណើរថ្មើជើងចូលតំបន់អង្គរ ទៅតាមផ្លូវដែលបានរៀបចំជូន កុំដើរជាន់ស្មៅដែលនាំឲ្យខូចសោភ័ណភាព កុំយកអាហារទៅទទួលទាននៅទីតាំងហាមឃាត់ក្នុងតំបន់បេតិកភណ្ឌ កុំទិញ លក់ដី និងសង់សំណង់ខុសច្បាប់ នៅក្នុងតំបន់ការពារ និងគួរចតយានជំនិះនៅកន្លែងចំណតដើម្បីកុំឲ្យខូចខាតសណ្ដាប់ធ្នាប់សាធារណៈ និង ស្ទះផ្លូវជាដើម។ ទាំងនេះនឹងនាំមកនូវមោទកភាពដល់ជាតិខ្មែរដែរ ៕

To Top