ព័ត៌មានជាតិ

ទស្សនកិច្ចលោក ប្រាក់ សុខុន នៅភូមាឆាប់ៗនេះ នឹងបង្កើតបរិយាកាស សន្ទនាដោយសន្តិវិធី ដើម្បីជួយភូមាឲ្យវិលទៅរក ប្រក្រតីភាពឡើងវិញ

ភ្នំពេញ៖ ងាកចេញពីសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ីបន្តិច ដោយមកចាប់អារម្មណ៍លើបញ្ហាភូមាវិញម្តង គឺលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេស របស់ប្រធានអាស៊ាន បានថ្លែងដោយជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឬភូមា នាពេលឆាប់ៗខាងមុខនេះ នឹងជួយបង្កើតបរិយាកាស អំណោយផលបន្ថែមទៀត ដើម្បីឲ្យមានការសន្ទនា ដោយសន្តិវិធីរវាងភាគីទាំងអស់ ក្នុងស្មារតីស្វែងរកសន្តិភាព និងប្រក្រតីភាពសម្រាប់ ប្រទេសនេះឡើងវិញ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា កាលពីថ្ងៃទី៧ មីនា លោកបានជួបពិភាក្សាការងារ ជាមួយលោក យូហ៊ី សាសាកាវ៉ា ប្រធានមូលនិធិនីបផុន ប្រកបដោយភាពស្ថាបនា លើបញ្ហាមួយចំនួន ប៉ុន្តែផ្តោតសំខាន់លើប្រទេសមីយ៉ាន់ម៉ា ដោយសារគាត់គឺជា ប្រេសិតពិសេសរបស់ប្រទេសជប៉ុន សម្រាប់ការផ្សះផ្សាជាតិនៅមីយ៉ាន់ម៉ា ។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា «យើងទាំងពីរសង្កេតឃើញថា ការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ ៥ចំណុច ហាក់បីដូចជាយឺតជាងការរំពឹងទុក ។ យ៉ាងណាក្តី យើងជឿជាក់ថាដំណើរទស្សនកិច្ចរបស់ខ្ញុំ ទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលឆាប់ៗខាងមុខនេះ នឹងជួយបង្កើតបរិយាកាស អំណោយផលបន្ថែមទៀត ដើម្បីឱ្យមានការសន្ទនាដោយ សន្តិវិធីរវាងភាគីទាំងអស់ ក្នុងស្មារតីស្វែងរកសន្តិភាព និងប្រក្រតីភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ា»។

ប្រមុខការទូតខ្មែរ ក៏មានទំនុកចិត្តថា បទពិសោធន៍ និងជំនាញរបស់ លោក សាសាកាវ៉ា ពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ា នឹងអាចចូលរួមចំណែកយ៉ាងច្រើន ដល់បុព្វហេតុរួមមួយនេះ ។

សូមរំលឹកថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញបំពេញទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេស ប្រធានអាស៊ាន ចាប់ពីថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ៕

To Top