ព័ត៌មានជាតិ

ក្រសួងវប្បធម៌៖ ផលិតករ មានបំណងថតអ្វីមួយ ត្រូវស្នើសុំដោយផ្ទាល់នៅនាយកដ្ឋាន សិល្បៈភាពយន្ដ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា បើសិនចង់ថតភាពយន្ត ភាពយន្តឯកសារ ចម្រៀងកាយវិការ និងស្ប៉តពាណិជ្ជកម្ម ផលិតករ ត្រូវដាក់ពាក្យស្នើសុំដោយផ្ទាល់ មកនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌។

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ នាថ្ងៃទី៧ មីនា បានបញ្ជាក់ថា «ផលិតករ សេវាករ អង្គការ និងក្រុមហ៊ុនថតភាពយន្ដទាំងក្នុង និងក្រៅប្រទេសទាំងអស់ថា យោងតាមអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងឧស្សាហកម្មភាពយន្ត រាល់ការស្នើសុំការអនុញ្ញាតថតភាពយន្ត ភាពយន្តឯកសារ ចម្រៀងកាយវិការ ឬស្ប៉តពាណិជ្ជកម្ម ផលិតករត្រូវដាក់ពាក្យ ស្នើសុំផ្ទាល់មកនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ ដូចជា លិខិតស្នើសុំថត អត្ថបទនិពន្ធរឿងពិស្តារ អត្ថបទសង្ខេបខ្លឹមសារ កម្មវិធី ទីកន្លែងថត»។

ក្រសួងបន្ដថា ឯកសារទាំងនេះ នឹងសម្រួលរាល់ទម្រង់ នៃការស្នើសុំថតភាពយន្ត ភាពយន្តឯកសារ ចម្រៀងកាយវិការ ឬស្ប៉តពាណិជ្ជកម្មផ្សេងៗ ចៀសវាងការខាតបង់ពេលវេលា នៃការស្នើសុំដោយប្រយោល ឬដោយវិធីផ្សេង តាមរយៈអង្គភាពផ្សេងៗទៀត។

ក្រសួងវប្បធម៌ ក៏បានស្នើសុំកិច្ចសហការពី ក្រសួងស្ថាប័នពាក់ព័ន្ធ ជួយណែនាំដល់ផលិតករ ក្រុមហ៊ុនថតភាពយន្ត និងអង្គការនានាដែលមានបំណង ថតភាពយន្តនៅកម្ពុជា ឲ្យមកទំនាក់ទំនងផ្ទាល់ជាមួយ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌៕

To Top