ព័ត៌មានជាតិ

កម្ពុជា ឯកភាពជាមួយ សមាជិកអាស៊ាន ក្នុងការលើកពេលកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អាមេរិក

ភ្នំពេញ៖ ដើម្បីភាពសមស្រប និងលទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជាបានឯកភាពជាមួយ ប្រទេសសមាជិកអាស៊ាន ក្នុងការលើកពេល កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងនៅថ្ងៃទី១០ មីនានេះថា បច្ចុប្បន្ន ឥណ្ឌូនេស៊ីគឺជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក ។ លោកថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក បានស្នើឡើងដោយសហរដ្ឋអាមេរិក ហើយត្រូវបានឯកភាពដោយ ថ្នាក់ដឹកនាំកំពូលអាស៊ាន។

លោកបន្ថែមថា កាលបរិច្ឆេទបានស្នើឡើងសម្រាប់កិច្ចប្រជុំកំពូល ហើយឥណ្ឌូនេស៊ីបានខិតខំអស់ ពីសមត្ថភាពក្នុងការសម្របសម្រួល ដើម្បីស្វែងរកកាលបរិច្ឆេទមួយ ដែលអាចទទួលយកបានដោយ ថ្នាក់ដឹកនាំទាំងអស់។ គួរអោយសោកស្តាយ កាលបរិច្ឆេទដែលបានស្នើឡើង គឺមិនសមស្របសម្រាប់ថ្នាក់ដឹកនាំ ដោយសារភាពជាប់រវល់ច្រើនរបស់ថ្នាក់ដឹកនាំ។ ដោយហេតុនេះហើយ ភាគីទាំងសងខាង អាស៊ាននិងសហរដ្ឋអាមេរិក បានសម្រេចលើកពេលកិច្ចប្រជុំកំពូលនេះ និងបន្តធ្វើការដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង។

លោក ជុំ សុន្ទរី បញ្ជាក់ថា «កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន គឺប្រកាន់ភាពបត់បែនទៅលើកាលបរិច្ឆេទដែលបានស្នើឡើង និងបានធ្វើការសម្របសម្រួល ជាពិសេសទៅលើរបៀបវារៈនៅក្នុងប្រទេស ដើម្បីបំពេញកាតព្វរបស់ខ្លួនក្នុងតំបន់ និងអន្តរជាតិ។ ប៉ុន្តែដើម្បីភាពសមស្រប និងលទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជាបានឯកភាពជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការលើកពេលកិច្ចប្រជុំនេះ» ៕

To Top