ព័ត៌មានជាតិ

ខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ២៥៦លើក បណ្ដាលឲ្យមានអ្នកស្លាប់ ១៤៣នាក់

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ខែកុម្ភៈ ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២៥៦លើក បណ្ដាលឲ្យមានអ្នកស្លាប់ ១៤៣នាក់ និងរបួស៣៤៩នាក់។

យោតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ស ខេង នាថ្ងៃទី៩ មីនា បានបញ្ជាក់ថា «បងប្អូនជនរួមជាតិនូវស្ថានភាព គ្រោះថ្នាក់ចរាចរណ៍ក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ ដែលចំនួនគ្រោះថ្នាក់ មានការថយចុះជាងខែមករា ប៉ុន្តែ និងករណីស្លាប់បានកើនឡើងធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ ខណៈចំនួនអ្នករងរបួសបានថយចុះ»។

សម្ដេច បន្ដថា «យោងតាមរបាយការណ៍ផ្ដល់ ដោយមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ទូទាំងប្រទេសចំនួន២៥៦លើក បណ្ដាលឱ្យមានអ្នកស្លាប់ ១៤៣នាក់ និងរបួស ៣៤៩នាក់ ក្នុងនោះរបួសធ្ងន់២១៩នាក់»។

សម្ដេច រៀបរាប់ថា ស្ថានភាពនេះបើប្រៀបធៀបនឹងខែមករា គឺករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ៨៧លើក ស្លាប់ថយ ៥២នាក់ និងរបួសថយចុះ ១០៤នាក់ ប៉ុន្តែចំនួននេះបើប្រៀបធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១វិញ គឺមានការកើនឡើងចំនួន៥លើក ស្លាប់កើនឡើង១៦នាក់ និងដោយឡែកករណីរងរបួស បានថយចុះ៦៦នាក់។

សម្ដេច បានបញ្ជាក់ទៀតថា «ជារួមស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅតែស្ថិតក្នុង ការប្រឈមខ្ពស់នៅឡើយ ទាំងចំនួនករណីអ្នកស្លាប់ និងអ្នករងរបួស ដែលក៏អាចឱ្យយើងប្រៀបធៀបបានថា មានកម្រិតខ្ពស់ជាងអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅកម្ពុជានាបច្ចុប្បនេះ និងគ្រោះថ្នាក់ សង្គមផ្សេងទៀត»។

លើសពីនេះ សម្ដេច ស ខេង ក៏បានអំពាវនាវដល់ជនរួមជាតិ ត្រូវចូលរួមគោរព និងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យ បានគ្រប់ពេលធ្វើដំណើរ មានស្មារតីប្រុងប្រយ័ត្ន យោគយល់អធ្យាស្រ័យ ដើម្បីការពារសេចក្ដីសុខខ្លួនឯង អ្នកដទៃ និងរួមចំណែក និងកាត់បន្ថយហានិភ័យខ្លាំងដល់ជីវិតពលរដ្ឋ ៕

To Top