ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ប្រមានចាប់ខ្លួនប្រគល់ឱ្យ ACU ចំពោះមន្ត្រីណា ស្តុកឯកសារទុក ដើម្បីដោះដូរប្រយោជន៍ ពីប្រជាពលរដ្ឋ ក្នុងការងារសេវា អត្រានុកូលដ្ឋាន

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានប្រមាន និងមិនអត់ឱនឱ្យទេ ចំពោះមន្ត្រីដែលរពឹសដៃ ប្រើល្បិចកលស្តុកឯកសារទុក ដើម្បីទាមទារផលប្រយោជន៏ ពីប្រជាពលរដ្ឋក្នុងការបម្រើសេវា ពិសេសលើការងារឯកសារអត្រានុកូលដ្ឋាន ។

លោកអភិបាលខេត្ត បានថ្លែងព្រមានដូច្នេះ នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ នៅក្នុងកិច្ចប្រជុំសមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ក្នុងខេត្តកំពង់ចាម មានប្រជាពលរដ្ឋ សរុបប្រមាណជាជាងមួយលាននាក់ ដូច្នេះត្រូវប្រើប្រាស់ឯកសារ អត្រានុកូលដ្ឋានច្រើន ។ ហើយ ឯសារទាំងនោះត្រូវផលិតចេញពីថ្នាក់ជាតិ ប៉ុន្តែកន្លងមក រដ្ឋបាលខេត្តកំពង់ចាម ទទួលបានឯកសារអត្រានុកូលដ្ឋាន មិនគ្រប់តាមសំណូមពរទេ ដូច្នេះតាមណ្តាឃុំ អាចជួបនូវការខ្វះខាតខ្លះ ហើយប្រការនេះ អាចនាំឱ្យមានមន្ត្រីមួយចំនួនតូចរពឹសដៃ ស្តុកឯកសារ ដើម្បីដោះដូររកផលប្រយោជន៍ពីប្រជាពលរដ្ឋ ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ប្រការខាងលើនេះ « លោក និងចាត់ការទៅតាមផ្លូវច្បាប់ ឬប្រគល់ខ្លួនឱ្យទៅអង្គភាពប្រឆាំងអំពើពុករលួយ ប្រសិនបើរកឃើញបុគ្គលណា ស្តុកឯកសារទុកដើម្បីដោះដូរទាមទាររកផលប្រយោជន៍ពីប្រជាពលរដ្ឋ » ។

សូមបញ្ជាក់ផងដែរថា ការព្រមានរបស់លោកអភិបាលខេត្តខាងលើ ក្រោយការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត លោក កៅ ចេស្តា បានលើកឡើងនូវព័ត៌មានទាក់ទិនទៅនឹងករណីខាងលើ ដែល លោកទទួលបានពីប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងស្រុកបាធាយ ៕

To Top