ព័ត៌មានជាតិ

ក្រុងស្វាយរៀង អបអរសាទរទិវាជាតិ ក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ ទីក្រុងស្អាតគាំទ្រ ការបើកទេសចរណ៍កម្ពុជា

ស្វាយរៀង ៖ លោកតូច ប៉ូលី វ៉ា អភិបាលរង ខេត្តស្វាយរៀងដឹកនាំ មន្ត្រីដែលពាក់ពន្ធ័អបអរសាទរ ទិវាជាតិក្រុងស្អាត លើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ គាំទ្រការបើកទេសចរណ៍កម្ពុជា» នាព្រឹថ្ងៃទី១០ខែមីនាឆ្នាំ២០២២។

ពិធីនេះមានការរួមពីលោកណុប ចំរើនអភិបាលក្រុងស្វាយរៀងនិង លោកសរ សុដានីអភិបាលរងក្រុង ព្រមទាំងកងកម្លាំងទាំង៣ មន្ត្រីរាជការ ព្រះសង្ឃនិងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

លោកតូច ប៉ូលីវ៉ា អភិបាលរង ខេត្តស្វាយរៀង បានលើកឡើងអំពីការផ្លាស់ប្ដូរចំណង់ ចំណូលចិត្តរបស់អ្នកទេសចរណ៍ ឱ្យងាកទៅរកការដើរកម្សាន្ត តាមតំបន់ជនបទ សហគមន៍ទេសចរណ៍ តំបន់អេកូទេសចរណ៍ និងតំបន់ធម្មជាតិនានាកាន់តែ ខ្លាំងឡើងៗ។

លោកបន្តថាដើម្បីឲ្យវិស័យទេចរណ៍ក្លាយជា ចលករមួយកាន់តែមានប្រសិទ្ធភាព ចូលរួមធ្វើឱ្យសេដ្ឋកិច្ចជាក្បាលម៉ាស៊ីនបង្កើតការងារដ៏ចម្បង និងមានប្រសិទ្ធភាព មាន ឥទ្ធិពលខ្ពស់ ជួយទ្រទ្រង់វិស័យផ្សេងៗទៀតនៅតំបន់ជនបទ អាជ្ញាធរពាក់ព័ន្ធនានា ត្រូវកំណត់យកវិស័យ ទេសចរណ៍ជា សសរស្ដម្ភយុទ្ធសាស្ត្រមួយ ក្នុងគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលត្រូវមានផែនការអភិវឌ្ឍជាក់លាក់ស្រប តាមសក្តានុពលទេសចរណ៍ នៃតំបន់នីមួយៗ។

លោកបញ្ជាក់ថា «ការអភិវឌ្ឍជំនាញ និងការអប់រំជាគន្លឹះ នៃការអភិវឌ្ឍទេសចរណ៍ជនបទ និងផ្សព្វផ្សាយផលិតផលទេសចរណ៍ថ្មីៗស្របតាមបរិបទ នៃវិស័យទេសចរណ៍ឌីជីថល និងនិន្នាការទីផ្សារទេសចរណ៍ ការដើរកំសាន្ត ជាការស្វែងរកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ជនបទ ជាឱកាសនៃការស្រាវជ្រាវចងក្រងនូវគុណតម្លៃ វប្បធម៌ប្រពៃណីទំនៀមទម្លាប់ដើម្បីបង្ហាញពីបទពិសោធន៍ល្អៗ»។

ក្នុងឪកាសនោះដែរ លោកសរ សុដានីអភិបាលរងក្រុង ស្វាយរៀងក៏បានអំពាវនាវ សូមឱ្យបង ប្អូនប្រជាពលរដ្ឋ នៅក្នុងក្រុងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការទុកដាក់សំរាមឲ្យមានសណ្ដាប់ធ្នាប់ ពិសេសទុកដាក់ទៅ តាមប្រភេទ នៃសំរាមនីមួយៗ ដើម្បីឱ្យទីក្រុងមាន សោភ័ណភាព ល្អស្រស់បំព្រង ខណះទីក្រុងស្អាត បរិស្ថានល្អ សេវាកម្មល្អ បដិសណ្ឋារកិច្ចល្អ ជាកក្តាសំខាន់បំផុតសម្រាប់ ទាក់ទាញភ្ញៀវទេសចរណ៍ដោយចាប់ផ្តើមពីខ្លួនយើង ដើម្បីទីក្រុងស្អាត ទេសចរណ៍រុងរឿង។

លោកសរ សុដានី ក៏បានជំរុញឲ្យអាជ្ញាធរ មូលដ្ឋានក្នុងក្រុងស្វាយរៀង បន្តតាមដានស្ថានភាពជំងឺអូមី ក្រុងបន្តទៀត ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួន ព្យាបាល និងផ្សព្វផ្សាយបន្ថែមទៀតតាមការណែនាំ របស់ក្រសួងសុខាភិបាល ចុះជួយបងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា៕

To Top