ព័ត៌មានជាតិ

សម្តេចតេជោ ផ្តល់រថយន្តដឹកវ៉ាក់សាំង ២០គ្រឿង ដល់មន្ទីសុខាភិបាល រាជធានី -ខេត្ត ចំនួន១៣

ភ្នំពេញ ៖ ដើម្បីសម្រួល ដល់ការងារ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដែលកំពុងវាយលុក ក្នុងប្រទេសកម្ពុជា តាមរយៈក្រសួងសុខាភិបាល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់រថយន្តដឹកវ៉ាក់សាំង ២០គ្រឿង ដល់មន្ទីសុខាភិបាល ចំនួន១៣ ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលនិង ជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស នៅព្រឹកថ្ងៃទី១០មីនា ឆ្នាំ២០២២នៅទីស្តីការក្រសួង បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រគល់-ទទួលរថយន្តដឹក វ៉ាក់សាំងចំនួន ២០គ្រឿង ដែលជា អំណោយ របស់សប្បុរសជន តាមរយៈសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ទីរ សុខាភិបាល រាជធានី-ខេត្ត ដែលកម្មវិធីនេះប្រព្រឹត្ត ទៅនៅក្នុងបរិវេនឃ្លាំង ឱសថកណ្តាល (CMS) ។

ក្រសួងបានឲ្យដឹងថា រាជធានី-ខេត្ត ដែលទទួលបានរថយន្តដឹកវ៉ាក់សាំង នាឱកាសនោះរួមមាន ៖ ១.មន្ទីរសុខាភិបាល រាជធានីភ្នំពេញ ២.មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ៣.មន្ទីរសុខាភិបាល ខេត្តបាត់ដំបង ៤.មន្ទីរសុខាភិបាល ខេត្តកំពង់ចាម ៥.មន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ ៦.មន្ទីរសុខាភិបាល ខេត្តកំពង់ធំ ៧.មន្ទីរសុខាភិបាលខេត្តកំពត ៨.មន្ទីរសុខាភិបាល ខេត្តកណ្តាល ៩. មន្ទីរសុខាភិបាល ខេត្តព្រៃវែង ១០.មន្ទីរសុខាភិបាល ខេត្តសៀមរាប ១១.មន្ទីរសុខាភិបាល ខេត្តតាកែវ ១២.មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ ១៣.និងឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល ។

ក្រសួងបានលើកឡើងថា ចំពោះរថយន្តដឹកវ៉ាក់សាំង ដែលជា ថវិកាសប្បុរសជនខ្មែរ តាមរយៈសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ជារថយន្តម៉ាក Ford ដែលមានការរៀបចំឡើង ទៅតាមតម្រូវការ របស់វ៉ាក់សាំង មានកម្រិតត្រជាក់ ក្នុងសីតុណ្ហភាព -24c និងមានលក្ខណៈពិសេស ជាច្រើនទៀត។ ជាមួយគ្នានោះដែរ ក្រសួង ក៏បានលើកឡើងថា រថយន្តដឹក វ៉ាក់សាំងនេះ ជាតម្រូវការចាំបាច់ណាស់ សម្រាប់ក្រុមការងារ ក្រុមគ្រូពេទ្យ ទូទាំងរាជធានី-ខេត្តទាំង ២៥ ដើម្បីដឹកវ៉ាក់សាំង យកទៅចាក់ជូនប្រជាពលរដ្ឋ យើងទូទាំងប្រទេស៕

To Top