ព័ត៌មានជាតិ

អគ្គនាយក ប.ស.ស. ជួបពិភាក្សាការងារ ជាមួយប្រធានអង្គភាព សិទ្ធិសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា  

ភ្នំពេញ៖ នេះជាជំនួបទ្វេភាគីលើកដំបូងហើយ ដែល លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានទទួលជួបពិភាក្សាជាមួយ លោក ប៉ុកពង្ស ឡាវ៉ាន់ស៊ីរិ ប្រធានអង្គភាពសិទ្ធិសេដ្ឋកិច្ច និងសង្គម នៃការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជា ដើម្បីកំណត់វិធីសាស្រ្ត និងការអនុវត្តសកម្មភាពនានា ដែលអាចគាំទ្រឲ្យកាន់តែប្រសើរឡើង ពាក់ព័ន្ធនឹងវិស័យសន្ដិសុខសង្គម កម្ពុជា។

ក្នុងឱកាសជំនួបពិភាក្សានេះ លោកអគ្គនាយក ប.ស.ស. បានសំដែងនូវការស្វាគមន៍ និងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានរក្សាទុក ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) ប្រចាំនៅកម្ពុជា និងបានសហការគំាទ្រឲ្យកាន់តែប្រសើរឡើង ពាក់ព័ន្ធនឹងវិស័យសន្ដិសុខសង្គមកម្ពុជា ដើម្បីពង្រឹងនូវការអភិវឌ្ឍ វិស័យសន្ដិសុខសង្គម ដែលជាវិស័យដ៏សំខាន់មួយ ក្នុងការធានាបាននូវការគាំពារ សន្ដិសុខប្រាក់ចំណូល ដល់សមាជិក ប.ស.ស. ដែលបណ្ដាលមកពីការឈឺ គ្រោះថ្នាក់ការងារ ពិការភាព មាតុភាព និងចាស់ជរាជាដើម។

លោកអគ្គនាយក ប.ស.ស. បានថ្លែងបញ្ជាក់បន្ថែមថា៖ កន្លងមកថ្នាក់ដឹកនាំ ប.ស.ស. បានខិតខំបង្កើនកិច្ចសហការជាមួយអង្គការជាតិ និងអង្គការអន្ដរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ជាច្រើន ក្នុងន័យដើម្បីពង្រឹង និងពង្រីកសមត្ថភាពការងារ ក្នុងការអនុវត្តទៅលើ របបសន្ដិសុខសង្គមបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹង ក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ២០១៦-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញក្នុងន័យសំដៅជំរុញ អភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឲ្យកាន់តែរឹងមាំ និងល្អប្រសើរឡើង ព្រមទាំងអាចគ្របដណ្ដប់ទៅដល់ប្រជាជនគ្រប់រូប ប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សកាន់តែទូលំទូលាយ និងជំរុញកំណើនសេដ្ឋកិច្ច។

ជាមួយគ្នានេះ លោក ប៉ុកពង្ស ឡាវ៉ាន់ស៊ីរិ ក៏បានលើកឡើងផងដែរថា៖ ក្នុងនាមជាប្រធានអង្គភាព សិទ្ធិសេដ្ឋកិច្ច និងសង្គម នៃការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជា លោកនឹងបង្កើនកិច្ចសហការការងារ ដ៏ល្អជាមួយ ប.ស.ស. ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការលើកកម្ពស់ និងការការពារសិទ្ធិសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា  ជាពិសេសទទួលបាន របបសន្ដិសុខសង្គម និងសិទ្ធិទទួលបានជីវភាពសមរម្យ។

សូមបញ្ជាក់ជូនថា៖ ជំនួបពិភាក្សាទ្វេភាគីខាងលើនេះ ប្រព្រឹត្តទៅ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំធំ ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួម ពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃ ប.ស.ស. ព្រមទាំងថា្នក់ដឹកនាំ នៃអង្គភាពសេដ្ឋកិច្ច និងសង្គមនៃការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជា សរុបចំនួន ១១រូប៕

To Top