ព័ត៌មានជាតិ

កម្ពុជា-អូស្ដ្រាលី ប្ដេជ្ញាបន្ដជំរុញកំណើនពាណិជ្ជកម្ម និងស្ដារឡើងវិញលើគ្រប់វិស័យ ក្រោយវិបត្តិកូវីដ-១៩

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា បានប្តេជ្ញាបន្តជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសខិតខំប្រឹងប្រែងស្តារឡើងវិញលើគ្រប់វិស័យ ក្រោយវិបត្តិជំងឺកូវីដ-១៩។


តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងជំនួបពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ និងលោក Pablo Kang នៅថ្ងៃទី១០ មីនា ភាគីទាំងពីរ បានកតស់ម្គាល់លើការរីកចម្រើននៃពាណិជ្ជកម្មទ្វេភាគី និងប្តេជ្ញាបន្តជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសការខិតខំប្រឹងប្រែងស្តារឡើងវិញលើគ្រប់វិស័យ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

លើសពីនេះទៀត ក្នុងនាមជាប្រធាន នៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លោករដ្ឋមន្រ្ដីពាណិជកម្ម បានលើកឡើងអំពីវឌ្ឍនភាព នៃការចរចាលើការធ្វើឲ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA Upgrade) ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverable) មួយក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដទៃទៀតរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២ ដែលស្ថិតក្រោមគោលដៅយុទ្ធសាស្ត្រគន្លឹះទី៤ ស្តីពីសាកលភាវូបនីយកម្មអាស៊ាន ដើម្បីភាពរីកចម្រើន និងអភិវឌ្ឍន៍។ ក្នុងនោះ លោករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់លើការជំរុញ និងពន្លឿនការចរចាលើបញ្ហាដែលនៅសេសសល់ ដើម្បីបញ្ចប់ការចរចា និងធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀង AANZFTA ឲ្យបានទាន់ពេលវេលា តាមការគ្រោងទុក។

ផ្ទាំងពាណិជ្ជកម្ម

ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអាទិភាព សេដ្ឋកិច្ច្កម្ពុជាបានស្នើឡើង ដែលបានឆ្លុះបញ្ចាំងអំពីការឆ្លើយតបទៅនឹងការវិវត្តសកល ជាពិសេស លោក បានចាត់ទុកការបញ្ចប់ការចរចាធ្វើឲ្យប្រសើរឡើងនៃកិច្ចព្រមព្រៀង AANZFTA ជាកិច្ចការអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន អូស្ត្រាលី និងនូវែលហ្សេឡង់ ក្នុងឆ្នាំ២០២២។


ទន្ទឹមនឹងនេះ លោកឯកអគ្គរាជទូត ក៏បានបញ្ជាក់ពីការបន្តគាំទ្ររបស់អូស្រ្តាលីចំពោះកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២ និងប្តេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា សំដៅសម្រេចបាននូវសមិទ្ធផលអាទិភាពកម្ពុជាប្រកបដោយជោគជ័យ ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពរឹងមាំ៕

To Top