ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ បានបញ្ជាក់ប្រាប់ លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតថ្មី ប៉ាគីស្ថាន ប្រចាំកម្ពុជា ពីបំណងចង់បើកស្ថាន ទូតកម្ពុជា ប្រចាំនៅប៉ាគីស្ថាន ។
ក្នុងជំនួប សម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី១០ មីនា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់ ដោយពេញចិត្ត ចំពោះការកើនឡើង នូវទំនាក់ទំនង ជាមិត្តភាព រវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច កម្រិតខ្ពស់របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ និងបានឯកភាពពង្រឹង និងពង្រីកបន្ថែមទៀតនូវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងការពារជាតិ ។
លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពី ការត្រៀមទទួលស្វាគមន៍ គម្រោងទស្សនកិច្ចនៅកម្ពុជា ក្នុងឆ្នាំនេះរបស់រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន ដែលជាឱកាស ដ៏សំខាន់សម្រាប់ការលើកស្ទួយ ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកពីបំណងចង់ បើកស្ថានទូតកម្ពុជាប្រចាំនៅប៉ាគីស្ថាន នាពេលអនាគត ហើយបានពិភាក្សាជាមួយ លោកឯកអគ្គរដ្ឋទូត អំពីលទ្ធភាពនៃការ ផ្លាស់ប្តូរការសម្របសម្រួល រវាងប្រទេសទាំងពីរ សម្រាប់គោលដៅនេះ ៕