ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំមាតា-បិតា អ្នកណាព្យាបាល ត្រូវចូលរួមតាមដាន លទ្ធផលសិក្សា អត្ដចរិត សីលធម៌ សុជីវធម៌របស់កូនៗ ជាពិសេសជួយបង្រៀនបន្ថែមនៅផ្ទះ ផងដែរ។
ក្នុងពិធីប្រារព្ធទិវាជាតិអំណាន ១១ មីនា ២០២២ ក្រោមប្រធានបទ «អំណានជួយលើកកម្ពស់ គុណភាពជីវត ក្នុងសង្គមឌីជីថល» នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ លោក ហង់ជួន ណារ៉ុន បានថ្លែងថា ដើម្បីជំរុញ និងពនឿនការពង្រីកការអនុវត្ត «កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង» នៅទូទាំងប្រទេស ក្រសួង ណែនាំគ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត និង អ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមពង្រឹង និងពង្រីកការអនុវត្តកញ្ចប់ សម្ភារៈអំណានថ្នាក់ដំបូង តាមរយៈការរៀបចំវគ្គបំប៉នដោយផ្ទាល់, ការបំប៉នតាមបែបចម្រុះ, និងតាមប្រព័ន្ធអនឡាញ, ព្រមទាំងផ្តល់ការគាំទ្រ តាមរូបភាពការផ្តល់ប្រឹក្សា គរុកោសល្យ។
លោកបន្ដថា លោកគ្រូ-អ្នកគ្រូបង្រៀន ថ្នាក់ទី១ និងទី២ ទាំងអស់ ត្រូវចូលរួមអនុវត្ត «កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង»។ តាមរយៈការចូលរួមវគ្គបំប៉ន ដែលរៀបចំឡើងដោយក្រសួង, មន្ទីរអប់រំ យុវជន និងកីឡា, គ្រឹះស្ថាន បណ្តុះបណ្តាលគ្រូ, អង្គការដៃគូពាក់ព័ន្ធ, និងធ្វើស្វ័យសិក្សាស្វែងយល់ អំពីកញ្ចប់សម្ភារៈ និងវិធីសាស្រ្តបង្រៀន អំណានថ្នាក់ដំបូង តាម រយៈវីដេអូបង្រៀន ដែលក្រសួងបានផលិត និងផ្តល់ជូននាពេលកន្លង មកព្រមទាំងអាចទាញយក កញ្ចប់សម្ភារៈអំណាននិងវីដេអូការបង្រៀន ពីក្នុងគេហទំព័រនិង App ផ្លូវការនានារបស់ក្រសួង។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា «មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា, អត្តចរិត, សីលធម៌, សុជីវធម៌របស់កូន នៅក្នុងគ្រួសារ, សាលារៀន, និងក្នុងសហគមន៍ព្រមទាំងជួយបង្រៀន កូនបន្ថែមនៅផ្ទះ ឬបង្កលក្ខណៈឲ្យកូន បានសិក្សាបន្ថែមនៅផ្ទះ និងចូលរួមអានសៀវភៅជាមួយកូន ជាដើម»។
បន្ថែមពីលើនេះ លោក ក៏បានណែនាំដល់ មាតា-បិតា អ្នកអាណាព្យាបាល ត្រូវផ្គត់ផ្គង់សម្ភារៈសិក្សា,ទិញកញ្ចប់សម្ភារៈអំណានឲ្យកូនបានហ្វឹកហាត់ នៅសាលារៀននិងនៅផ្ទះ, ចូលរួមគាំទ្រ ជាសម្ភារៈ, ថវិកា, ដល់ដំណើរការបណ្ណាល័យនៅតាមសាលារៀន, ការអភិវឌ្ឍសាលារៀន, និងគាំទ្រដល់គ្រូបង្រៀន ជាដើម ៕