ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ លក្ខណៈសម្បត្តិ សុំតែងតាំងមុខតំណែង មន្ដ្រីនគរបាល ត្រូវមានមនសិការ ស្នេហាជាតិ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានឲ្យដឹងថា ការកំណត់លក្ខណៈសម្បត្តិ និងនីតិវិធីតែងតាំង មុខតំណែង មន្ដ្រីនគរបាលជាតិ ត្រូវមានមនសិការ ស្នេហារជាតិ ស្មោះត្រង់ និងមានភក្តីភាព ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ។

យោងតាមសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា «លក្ខណៈសម្បត្តិសម្រាប់ពិនិត្យ ក្នុងការស្នើសុំតែងតាំងមុខតំណែង ដូចជា ៖ មានមនសិការស្នេហាជាតិ ស្មោះត្រង់ និងមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ, គោរព និងប្រតិបត្តិបានម៉ឺងម៉ាត់ នូវរាល់បទបញ្ជាផ្ទៃក្នុង គោលនយោបាយ និងច្បាប់របស់រដ្ឋ» ។

សម្ដេច បានបន្ដថា មានគំនិតផ្តួចផ្តើមច្នៃប្រឌិត មុខជំនាញវិជ្ជាជីវៈច្បាស់លាស់ ឧស្សាហ៍ព្យាយាម សកម្មការងារ និងមានស្មារតី ទទួលខុសត្រូវខ្ពស់ ព្រមទាំងមានបទពិសោធន៍ល្អ, មានសីលធម៌ រស់នៅស្អាតស្អំ មិនប្រព្រឹត្តអំពើដែលបណ្តាលឲ្យប៉ះពាល់ដល់កិត្យានុភាពអង្គភាព និង កិត្តិយសរបស់ជាតិ, មានសាមគ្គីភាពល្អ ទំនាក់ទំនងទូលំទូលាយ ជាមួយមន្ត្រី រួមការងារ និងសមត្ថកិច្ចពាក់ព័ន្ធ ចេះកៀរគរកម្លាំង សាធារណៈចូលរួមសហការបំពេញ ភារកិច្ចសម្រេចបានលទ្ធផលល្អ ។

សម្ដេច បានបន្ថែមថា ជាសេវាបម្រើ ជាអ្នកការពាដ៏ស្មោះត្រង់ និងទទួលបានទំនុកចិត្តពីអង្គភាព និងប្រជាពលរដ្ឋ, មានសមត្ថភាពគ្រប់គ្រងបញ្ជាដឹកនាំ និងបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព មានការគាំទ្រ គោរពស្រឡាញ់ជឿជាក់ទុកចិត្ត ពីមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋ, មានសុខភាពល្អ និងកាយសម្បទាមាំមួន, បានឆ្លងកាត់វគ្គបណ្តុះបណ្តាល ជំនាញនគរបាលជាតិយ៉ាងតិចពីរខែ។

សូមបញ្ជាក់ថា កន្លងមក ក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនវុត្តកម្មវិធី កំណែទម្រង់កងកម្លាំង នគបាលជាតិជាបន្តបន្ទាប់ ឲ្យបានស្រប តាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ទៅតាមដំណាក់កាលនីមួយៗ ដោយក្នុងនោះក្រសួង មហាផ្ទៃបានធ្វើទំនើបកម្ម រចនាសម្ព័ន្ធ និងកែសម្រួលតួនាទីភារកិច្ច ព្រមទាំងកំណត់នូវលក្ខណៈសម្បត្តិ និងណែនាំនូវនីតិវិធី សម្រាប់ការងារ តែងតែងមុខតំណែង មន្ត្រីនគបាលជាតិជាបន្តបន្ទាប់ ៕

To Top