ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (UN)បានកោតសរសើរ ចំពោះវឌ្ឍនភាពនានា ដែលកម្ពុជាសម្រេចបាន ក្នុងការអនុវត្តបទប្បញ្ញត្តិ ស្ដីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (lCCPR) ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃការការពាររបាយការណ៍ជាតិ ពាក់ព័ន្ធនឹងការអនុវត្តកត្តិកាសញ្ញា អន្ដរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (lCCPR) ជុំទី៣ របស់កម្ពុជា បានឲ្យដឹងថា «នៅក្នុងកិច្ចសន្ទនារយៈពេល ៣ថ្ងៃនេះ សមាជិក សមាជិកា នៃគណៈកម្មាធិការ បានសម្តែងនូវការកោត សរសើរចំពោះវឌ្ឍនភាពនានា ដែលកម្ពុជាសម្រេចបាន ក្នុងការអនុវត្តបទប្បញ្ញត្តិនៃ ICCPR» ។
ជាពិសេសនោះ ព្រមទាំងលើកជាសំណួរ ដើម្បីទទួល បានព័ត៌មាន ការបំភ្លឺ ការបកស្រាយ និងការពន្យល់បន្ថែមពាក់ព័ន្ធនឹងវិស័យមួយចំនួន ដូចជា ៖ ក្របខណ្ឌ ច្បាប់ជាតិ ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ការប្រឆាំងអំពើពុករលួយ ច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រា អាសន្ន ច្បាប់កូវីដ១៩ វិធានការច្បាប់ក្នុង ស្ថានភាពកូវីដ បញ្ហានិទណ្ឌភាព ការមិនរើសអើង អំពើហិង្សាប្រឆាំងនារីភេទ ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ អំពើទារុណកម្ម ការដកហូតសេរីភាព ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចាការងារ ឯករាជ្យភាពតុលាការ សេរីភាពបញ្ចេញមតិ សមាគមនិងការជួបប្រជុំលំហប្រជាធិបតេយ្យ និងសង្គមស៊ីវិល សិទ្ធិបោះឆ្នោត និងសិទ្ធិចូលរួមក្នុងកិច្ចការនយោបាយ ប្រព័ន្ធយុត្តិធម៌អនីតិជន បញ្ហាយុត្តិធម៌សង្គម បញ្ហាដីធ្លី និងសិទ្ធិជនជាតិដើមភាគតិចជាដើម។
ជាការឆ្លើយតប គណៈប្រតិភូកម្ពុជា បានរួមសហការគ្នាបានយ៉ាងល្អ ដោយភាពម្ចាស់ការ និងការទទួល ខុសត្រូវខ្ពស់ក្នុងនាមជាតំណាងរដ្ឋអធិបតេយ្យ ធ្វើការឆ្លើយតប បកស្រាយ និងបំភ្លឺលើបញ្ហាដែលបានលើកឡើងទាំងអស់នោះ ដោយផ្អែកលើទិដ្ឋភាពច្បាប់ជាតិនិងអន្តរជាតិ ការអនុវត្តជាអន្តរជាតិ ទិដ្ឋភាពនយោបាយ និងបច្ចេកទេស ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ព្រមទាំងបានធ្វើការបង្ហាញពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងនានា របស់រាជរដ្ឋាភិបាលផងដែរ ក្នុងកិច្ចការលើកស្ទួយ និងការពារសិទ្ធិមនុស្ស ជាពិសេសក្នុងស្ថានភាពកូវីដ និងការកសាង ថែរក្សាបាននូវសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ នៃសិទ្ធិមនុស្សនិងការអភិវឌ្ឍ ។
សូមបញ្ជាក់ថា លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាតំណាងឲ្យលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្រាប់ប្រតិភូ អន្តរក្រសួងរួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងព័ត៌មាន ចំនួន៩រូប ចូលរួមការពិនិត្យ របាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ (ICCPR) ជុំទី៣ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្នុងសម័យប្រជុំលើកទី១៣៤ របស់គណៈកម្មាធិការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ៕