ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺជូន ប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរ 

កំពង់ចាម ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ប្រមាណជា ៤០០នាក់ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ពេលនេះ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ប្រមាណជាជាង ១ពាន់នាក់ ស្ថិតនៅព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ក្នុងការអញ្ជើញចុះពិនិត្យ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ  អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ ២០២២ នេះ ខេត្តកំពង់ចាម ត្រូវបានលោក ហ៊ុន ម៉ានី អនុញ្ញាតឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងស្រុកចំនួន ៤ ក្នុងនោះ លើកទី១ នៅស្រុកកងមាស , លើកទី២ នៅស្រុកស្រីសន្ធរនេះ , និងលើកទី៣ បន្តទៅស្រុកចំការលើ , លើកទី៤ ចុងក្រោយគឺស្រុកជើងព្រៃ ពោលគឺអនុវត្តតាមផែនការ ដែលលោក ហ៊ុន ម៉ានី បានឯកភាព ។ 

លោកអភិបាលខេត្តបានបញ្ជាក់ផងដែរថា សកម្មភាពខាងលើនោះ បញ្ជាក់ឲ្យឃើញអំពីការ យកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរអំពីសុខមាលភាព របស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត បើទោះបីជា ក្នុងខេត្តកំពង់ចាម មានមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកយ៉ាងណាក្តី ប៉ុន្តែតម្រូវការ នៃការពិនិត្យ និងព្យាបាលជំងឺ របស់បងប្អូនប្រជាពលរដ្ឋ ចាំបាច់ត្រូវតែមានអន្តរាគមន៍បន្ថែមតាមរយៈក្រុមគ្រូពេទ្យជំនាញ មានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការពិនិត្យ និងព្យាបាលជំងឺ និងបានសិក្សាមកពីបរទេសផងដែរ ។ 

លោកអភិបាលខេត្តបានបញ្ជាក់ផងដែរថា បន្ថែមពីលើការពិនិត្យ និងព្យាបាលជំងឺទូទៅរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នាពេលនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំបន្ថែម ក្រុមគ្រូពេទ្យ មួយក្រុមសម្រាប់ធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋផងដែរ ។ 

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានណែនាំឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ តាមរយៈការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ ដោយធ្វើអនាម័យជាប់ជានិច្ច ក្នុងការរស់នៅស្អាត ហូបស្អាត ដើម្បីចៀសផុតពីជំងឺផ្សេងៗ ជាពិសេសគឺជំងឺកូវីដ១៩។ ចំពោះប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ សូមអញ្ជើញចាក់ឲ្យបានគ្រប់ៗគ្នា និងនាំកូនៗ ដែលមានអាយុចាប់ពី ៣ឆ្នាំ ដល់៥ឆ្នាំ ទៅចាក់វ៉ាកសាំងតាមកាលបរិច្ឆេទឱ្យបានគ្រប់ៗគ្នា ផងដែរ៕

To Top