ភ្នំពេញ៖ លោកហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានលើកឡើងថាគណបក្សប្រជាជនកម្ពុជាបានរំដោះជាតិ កសាងជាតិ ដើម្បីប្រជាជន។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹននាំសមាជិកស.ស.យ.ក លោក ហ៊ុន ម៉ានី បានលើកសំណួរថាតើមានពេលលំបាកណាមួយដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជានៅជួយដោះស្រាយបញ្ហាជាមួយគ្នា?
លោកថា អ្នករំដោះប្រជាជនចេញពីរបបខ្មែរក្រហមឲ្យមានជីវិតទី២ គឺគណបក្សប្រជាជនកម្ពុជា។ ការចរចារស្វែងរកសន្តិភាពក៏គណបក្សប្រជាជនកម្ពុជា។ ការនាំមកនូវសន្តិភាពពេញលេញក៏គណបក្សប្រជាជនកម្ពុជា។ ការគ្រប់គ្រងស្ថានការពេលមានជម្លោះឈ្លានពានពីប្រទេសជិតខាងក៏គណបក្សប្រជាជនកម្ពុជា។ ការគ្រប់គ្រងជំងឺកូវីដ១៩ក៏គណបក្សប្រជាជនកម្ពុជា។ ការចាក់វ៉ាក់សាំងការពារជីវិតប្រជាជនពីជំងឺកូវីដ១៩ ក៏គណបក្សប្រជាជនកម្ពុជា។
ចំណែកអភិបាលខេត្តស្វាយរៀងបានសរសើរក្រុមយុវជន ស.ស.យ.ក. ថាជាដៃគូសហការយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនានាក្នុងមូលដ្ឋានខេត្ត។
លោក ម៉ែន វិបុល អភិបាលខេត្ត បានធ្វើការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់របស់ក្រុមគ្រួសារយុវជនស.ស.យ.ក.ខេត្ត ជាមួយអជ្ញាធរខេត្ត ក្នុងកិច្ចការអភិវឌ្ឍនានាក្នុងខេត្តស្វាយរៀង។
លោក បានគូសបញ្ជាក់ពីភាពចាំបាច់នៃវត្តមាន និងការចូលរួមរបស់យុវជនក្នុងបេសកម្មដឹកនាំ កសាង សមិទ្ធផលនានាជូនប្រជាជននៅមូលដ្ឋានផ្ទាល់។
លោកបានមានប្រសាសន៍ថា៖ «ការចូលរួមកសាងប្រទេសជាតិ គឺជាកាតព្វកិច្ចមួយដ៏ចម្បងរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសគឺយុវជន ព្រោះយុវជន ជាអនាគតនៃអ្នកបន្ដវេនក្នុងការដឹកនាំប្រទេសជាតិ»។
ជាមួយគ្នានេះ លោកលើកឡើងថា ការអភិវឌ្ឍន៍ក្នុងសង្គមមួយមិនមែនមានតែការដឹកនាំរបស់អ្នកដឹកនាំតែម្នាក់នោះទេ គឺចាំបាច់មានការចូលរួមចំណែកពីគ្រប់ប្រជាពលរដ្ឋទាំងអស់ ហើយចំណុចសំខាន់នៃការចូលរួមចំណែកក្នុងសង្គមគឺដើម្បីជាប្រយោជន៍មួយសម្រាប់អនាគតរបស់ប្រទេសជាតិ៕