ភ្នំពេញ៖ ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន លោក សយ សុភាព នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានទាត់ចោលទាំងស្រុង នូវការលើកឡើង របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ ដោយលោកបានបញ្ជាក់ថា ស្ថានភាពសារព័ត៌មាន នៅកម្ពុជាមិនអាក្រក់ឬដើរហួស ពីអ្វីដែលស្ថានភាព សារព័ត៌មាន នៅក្នុងតំបន់ឡើយ។
ការចេញមុខមកទាត់ចោលនេះ បន្ទាប់ពី មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានចេញរបាយការណ៍មួយ ដោយបានព្យាករណ៍ថា ស្ថានភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០២២ កាន់តែអាក្រក់ថែមទៀត ដោយសារការបន្ដរឹតត្បឹតផ្នែកនយោបាយ និងបទដ្ឋានច្បាប់ ផ្សេងៗដែលផ្ដល់អំណាចកាន់តែខ្លាំងដល់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
នៅលើគេហទំព័រហ្វេសប៊ុក លោក សយ សុភាព បានលើកឡើងថា «ស្ថានភាពសារព័ត៌មាន នៅកម្ពុជាមិនអាក្រក់ឬដើរហួស ពីអ្វីដែលស្ថានភាពសារព័ត៌មាន នៅក្នុងតំបន់ឡើយ។ កុំចង់បានជំនួយ ហើយសរសេរសំអុយ ពីខ្មែរនោះ»។
លោក សយ សុភាព មិនចង់ឱ្យមានអរិភាពរវាង សមាគមអ្នកកាសែតដូចគ្នាទេ តែគ្រាន់តែបញ្ជាក់ត្រឡប់ទៅវិញថា បើធៀបទៅអតីតកាល បច្ចុប្បន្ន វិស័យនេះ មានការវិវឌ្ឍន៏ ទៅមុខបើទោះបីមិនទាន់ចង់ បានក៏ដោយ។
លោកបញ្ជាក់ថា «ពិតហើយកន្លងទៅមានអភិបាលខេត្តខ្លះ គាត់ចង់រឹតត្បិតអ្នកកាសែតក្នុង ដែនសមត្ថកិច្ចរបស់គាត់ ហើយយើងក៏មិនគាំទ្រដែរ»៕