ព័ត៌មានជាតិ

អ្នកគាំទ្រអតីត គណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗ នៅខេត្តព្រៃវែង ចំនួន៦៩០នាក់ បន្តសូមចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

ព្រៃវែង៖ អ្នកឧកញ៉ា(គ្រូមារ) លី សា ម៉េត តំណាងដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្យប្រជាជនកម្ពុជា រួមជាមួយ លោក ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០២២បានបន្តជួបសំណេះសំណាលជាមួយសមាជិក សមាជិកា មកពីអតីតគណបក្សសង្រ្គោះជាតិនិងគណបក្សផ្សេងៗទៀត នៅក្នុងខេត្តព្រៃវែង ចំនួន៦៩០នាក់បានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយក្តីរំពឹង ក្នុងការចូលរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

អ្នកគាំទ្រដែលមកពីអតីតគណបក្សសង្គ្រោះជាតិនិងគណបក្សផ្សេងៗនោះរួមមាន៖

ទី១.ស្រុកពារាំងចំនួន១៥០នាក់

ទី២.ស្រុកសុីធរកណ្តាលចំនួន៥៤០នាក់

ថ្លែងនៅក្នុងឱកាសនោះលោក ស្បោង សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង សូមថ្លែងអំណរគុណចំពោះ ការចូលរួមរបស់បងប្អូន សមាជិកសមាជិកា អតីតគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទៀត ដែលវិលមករួមរស់ជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជានាឱកាសនេះ ។ ហើយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ ដែលមានវ័យចំណាស់ខាង នយោបាយនិងមានបទពិសោធន៍ជាង៧០ឆ្នាំមកហើយ គឺមានគោលនយោបាយច្បាស់លាស់ ដឹកនាំប្រទេសឈានទៅរក ភាពរីកចម្រើនលើគ្រប់វិស័យ។

លោកបញ្ជាក់ទៀតថា៖ ក្នុងនាមសមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង លោកបានអំពាវនាវដល់បងប្អូន សមាជិកសមាជិកាថ្មីទាំងអស់ សូមឱ្យបងប្អូនខិតខំអំពាវនាវ ដល់បងប្អូនដទៃទៀត ដែលមិន ទាន់បានដឹង មិនទាន់បានយល់ ឲ្យមកចូលរួមរស់នយោបាយ នឹងកសាងប្រទេសជាតិយើងទាំងអស់គ្នា ពិសេសនៅក្នុងមូលដ្ឋាន ដែលនិងមានរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខ សូមឱ្យសមាជិកថ្មីទាំងអស់ ទៅចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជន ឲ្យបានទាំងអស់គ្នាដើម្បីឲ្យ ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលតំណាងឱ្យគណបក្សប្រជាជនកម្ពុជា របស់យើងមាន លទ្ធភាពគ្រប់គ្រាន់ ក្នុងការដឹកនាំនិងអភិវឌ្ឍន៍មូលដ្ឋាន របស់យើង អោយមានការរីកចម្រើនប្រសើឡើងទៅមុខជាលំដាប់។

ថ្លែងនៅក្នុងឪកាសនោះ អ្នកឧកញ៉ា លី សាម៉េត បានគូសបញ្ជាក់ក្នុងពិធីនោះថា ការចូលមករួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយដើម្បីផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋជានិច្ច និងមិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋឡើយនោះទេ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។

អ្នកឧកញ៉ា បានបញ្ជាក់ទៀតថា «យើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានការខកចិត្តម្ដងណាឡើយ»។

អ្នកឧកញ៉ា លី សាម៉េត សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះបងប្អូននិង ជំនួសមុខឲ្យសម្ដេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីថ្លែងអំណរអរគុណចំពោះបងប្អូនកូនក្មួយជាទីគោរពជាស្រលាញ់ស្រលាញ់ ដែលបានមករួមរស់នយោបាយជាមួយកណបក្យប្រជាជនកម្ពុជា។ ហើយបានគូសរំលេចទៀតថា កន្លងទៅទោះបីក្រុមប្រឆាំងប្រឹងប្រែងបង្កភាពវឹកវរ និងចលាចលយ៉ាងណាក្តី តែភាពខ្លាំងនៃការដឹកនាំរបស់សម្តេចតេជោ បានបន្តកម្ចាត់កម្ចាយក្រុមទុច្ចរិតទាំងនោះ រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។

អ្នកឧកញ៉ា បានអំពាវនាវដល់សមាជិកបក្សទាំងចាស់ និងថ្មី ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាពឱ្យបានដាច់ខាត ដោយមិនត្រូវឲ្យជនអគតិណាមួយមកបំផ្លាញបានឡើយ៕

To Top