ព័ត៌មានជាតិ

ជប៉ុន មានជំនឿថា នឹងអាចធ្វើការយ៉ាងជិតស្និទ្ធថែមទៀត ជាមួយកម្ពុជា លើបញ្ហាតំបន់ និងអន្តរជាតិ

ភ្នំពេញ ៖ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញជំនឿថា នឹងអាចធ្វើកិច្ចសហប្រតិបត្តិបត្តិការ និងការសម្របសម្រួលកាន់តែជិតស្និទ្ធថែមទៀត ជាមួយកម្ពុជា លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ។

ការបង្ហាញជំនឿនេះ ធ្វើឡើងក្នុងឱកាសទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿង(នាវា URAGA លេខ៤៦៣ និងនាវា HIRADO លេខ៣០៥) ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ។

លោក មីកាមិ ម៉ាសាហ៊ីរ៉ូ មានប្រសាសន៍ថា ឆ្នាំនេះជាខួបលើកទី៣០ដែលប្រទេសជប៉ុនបានបញ្ជូន កងរក្សាសន្តិភាពជាលើកដំបូងបំផុតមកកាន់ប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ លោកទូតក៏បានកោតសរសើរ កម្ពុជាដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង យ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន ដោយឆ្លងកាត់អតីតកាលប្រកប ដោយសោកនាដកម្ម និងផ្លូវដ៏លំបាក។

លោកថា លើសពីនេះទៅទៀត ក្រោយរយៈពេល៣០ឆ្នាំ កម្ពុជាបានប្រែក្លាយពីប្រទេសទទួលយកកងរក្សាសន្តិភាព ទៅជាប្រទេសបញ្ជូនកងរក្សាសន្តិភាពរបស់ខ្លួនទៅកាន់ពិភពលោក។
លោក មីកាមិ ម៉ាសាហ៊ី ក៏បានស្ងើចសរសើរយ៉ាងខ្លាំង ចំពោះកម្ពុជាដែលជំនះបាននូវអតីតកាល ប្រកបដោយសោកនាដកម្ម និងបានចូលរួមចំណែកជួយសហគមន៍អន្តរជាតិយ៉ាងសកម្ម ។ លោកមានមោទកភាពដែលជប៉ុនបានដើរតួនាទីមួយ ក្នុងការសម្រេចបាននូវសន្តិភាពនៅកម្ពុជា។

ថ្លែងចេញពីខេត្តព្រះសីហនុ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ បញ្ជាក់ថា «ខណៈដែលទំនាក់ទំនង រវាងប្រទេសទាំងពីរ មានការរីកចម្រើនអស់រយៈពេលមួយយ៉ាងវែង យើងខ្ញុំមានជំនឿថា ប្រទេសជប៉ុននឹងអាចធ្វើកិច្ចសហប្រតិបត្តិបត្តិការ និងការសម្របសម្រួលកាន់តែជិតស្និទ្ធថែមទៀត ជាមួយប្រទេសកម្ពុជា លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ»។

លោកថា ក្នុងចំណោមនោះ ប្រទេសទាំងពីរបានព្រមព្រៀង ធ្វើការរួមគ្នាដើម្បីសម្រេចបាននូវ ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP)។ ជប៉ុននឹងធ្វើការជាមួយកម្ពុជា ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពដល់តំបន់ទាំងមូល ដោយធានាឲ្យបាននូវសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើគោលការណ៍ច្បាប់ ប្រកបដោយតម្លាភាព និងភាពគ្រប់ជ្រុងជ្រោយ ដោយសង្កត់ធ្ងន់ទៅលើមជ្ឈភាព និងការឯកភាពរបស់អាស៊ាន។

ក្នុងឱកាសនោះលោកទូតជប៉ុន ក៏បានបង្ហាញនូវជំនឿថា ការចូលចតនៃនាវានាពេលនេះ ក៏ជាកិច្ចសហប្រតិបត្តិការមួយដ៏សំខាន់ផងដែរ ដែលនឹងរួមចំណែកសម្រេចបាននូវ “ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ”។

លោកថា ឆ្នាំក្រោយ ២០២៣ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសជប៉ុន និងកម្ពុជា។ រយៈពេល៣០ឆ្នាំបន្ទាប់ពីការបញ្ជូនកងរក្សាសន្តិភាពរបស់ជប៉ុនមកកម្ពុជា ទំនាក់ទំនងរវាង ប្រទេសទាំងពីរ កាន់តែមានភាពចាស់ទុំ៕

To Top