ព័ត៌មានជាតិ

មន្ត្រីស្រាវជ្រាវ ជាន់ខ្ពស់កម្ពុជា យល់ឃើញថា ការប្រយុទ្ធប្រឆាំង អំពើពុករលួយ និងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ នៅតែជាប្រធានបទអាទិភាព របស់មហាសន្និបាតសភាទាំងពីរ នៃប្រទេសចិន

មន្ត្រីជាន់ខ្ពស់ នៃរាជបណ្ឌិតសភាកម្ពុជា បានតាមដានឃើញថា មហាសន្និបាតសភាទាំងពីរ នៃប្រទេសចិន បានកំពុងប្រព្រឹត្តទៅ នាដើមខែមីនា ២០២២ មានការលើកយកប្រធានបទសំខាន់ៗ ជាច្រើនមកពិភាក្សា ក្នុងនោះ ការប្រយុទ្ធប្រឆាំង អំពើពុករលួយ ការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ ការជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំង គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ នៅតែជាប្រធានបទដ៏មានសារៈសំខាន់ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សភា នៃប្រទេសចិននេះ។

មានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន តាមទូរស័ព្ទ នាពេលថ្មីៗនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន​ ទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា មហាសន្និបាតសភាទាំងពីរ នៃប្រទេសចិននៅឆ្នាំនេះ នៅតែលើកយកប្រធានបទក្តៅ ទាក់ទងនឹងការប្រយុទ្ធប្រឆាំង អំពើពុករលួយ ការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំង ការពង្រីកវិសាលភាព នៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ដែលសុទ្ធតែជាចំណុចអាទិភាព យកមកពិភាក្សា ជាពិសេស ក្នុងការដឹកនាំប្រទេសរបស់លោក ប្រធានរដ្ឋចិន ស៊ី ជីន ភីង។

លោក ក៏សង្កេតឃើញថា ការដឹកនាំរបស់លោកប្រធានរដ្ឋចិន ទទួលបានជោគជ័យ គួរឲ្យកត់សម្គាល់ ជាគំរូមួយដែលពិភពលោក គួររៀនសូត្រ ពីព្រោះថា ចាប់តាំងពីលោកស៊ី បានឡើងកាន់តំណែង ជាប្រធានរដ្ឋចិន មានការលុបបំបាត់ភាពក្រីក្រច្រើន សម្រាប់ប្រជាជនចិន ជាពិសេស ប្រជាជនដែលមានវណ្ណៈថ្នាក់ក្រោម ឡើងមកដល់ថ្នាក់កណ្តាល ហើយថ្នាក់កណ្តាល មានការកើនឡើងច្រើន រីឯទំហំពាណិជ្ជកម្មរបស់ប្រទេសចិន មានការកើនឡើងខ្លាំងណាស់ អាចវាយតម្លៃបានថា ជាជោគជ័យ ហើយជោគជ័យនេះ បានមកពីគោលនយោបាយ ប្រឆាំងនឹងអំពើពុករលួយ របស់លោកប្រធានរដ្ឋចិន ដែលអនុវត្តយ៉ាងមានប្រសិទ្ធភាព។

លោកបន្តទៀតថា គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ក៏ជាប្រធានក្តៅផងដែរ ក្នុងមហាសន្និបាតនេះ។ លោកវាយតម្លៃខ្ពស់ថា គំនិតផ្តួចផ្តើមនេះ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ មិនត្រឹមតែសម្រាប់កំណើនសេដ្ឋកិច្ច ផ្ទៃក្នុងរបស់ចិន ក៏ប៉ុន្តែ ក៏ជាក្បាលម៉ាស៊ីនរថភ្លើង អូសសេដ្ឋកិច្ចពិភពលោកផងដែរ ពីព្រោះថា គំនិតផ្តួចផ្តើមនេះ បានក្លាយទៅជាយន្តការដ៏សំខាន់មួយ សម្រាប់ចាក់បញ្ជូលកំណើន សេដ្ឋកិច្ចពិភពលោក។

ជាមួយគ្នានេះ កម្ពុជាក៏សង្ឃឹមថា តាមរយៈគំនិតផ្តួចផ្តើមនេះ កម្ពុជានឹងទទួលបាន ផលប្រយោជន៍ផ្លែផ្កា ពីគំនិតផ្តួចផ្តើម ដ៏សំខាន់មួយនេះបន្ថែមទៀត ដោយយើងដឹងថា តាមរយៈគំនិតផ្តួចផ្តើមនេះ កម្ពុជាក៏បានទទួលបាន លទ្ធផលជាក់ស្តែងរួចមកហើយ តាមរយៈការវិនិយោគផ្សេងៗ របស់ចិនមកកាន់កម្ពុជា តាមរយៈ ជំនួយអភិវឌ្ឍន៍ លើហេដ្ឋារចនាសម្ពន្ធរូបវ័ន្ត សំខាន់ៗ ដូចជា ផ្លូវ អាកាសយានដ្ឋាន កំពង់ផែ វារីអគ្គិសនីជាដើម សុទ្ធតែជាសូចនាករសំខាន់ សម្រាប់វាស់វែងផលប្រយោជន៍ ដែលកម្ពុជាទទួលបាន គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ហើយក៏សង្ឃឹមថា គំនិតផ្តួចផ្តើមនេះនឹងបានជាប្រយោជន៍ សម្រាប់ប្រទេសនានា ជាច្រើនទៀត ជាពិសេស ក្នុងបរិបទនៃការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ ដោយគេទទួលស្គាល់ជាទូទៅថា ចិនបានដើរតួនាទី យ៉ាងមានសារៈសំខាន់ ក្នុងការជំរុញកំណើន ការស្តារសេដ្ឋកិច្ចឡើងវិញ ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ តាមរយៈការផ្តល់វ៉ាក់សាំង យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់បណ្តាប្រទេសនានា ជុំវិញពិភពលោក។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញដែរថា ប្រធានបទទាក់ទង នឹងភូមិសាស្ត្រនយោបាយ ក្នុងតំបន់ ក៏ជាចំណុចអាទិភាព ក្នុងមហាសន្និបាតសភាទាំងពីរ របស់ប្រទេសចិនផងដែរ៕ (វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top