ភ្នំពេញ៖ ងាកចូលរឿងនយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្នបន្តិច លោក សយ សុភាព អគ្គនាយកសារព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានប្រាប់ទៅលោក យឹម ស៊ីណន ដែលជាអតីតសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ (បច្ចុប្បន្នស្ថិតក្នុងប៉ូលលោក កឹម សុខា) ថាគ្មានទេពាក្យចរចារឬតថ្លៃ ទោះក្នុងរូបភាពណាក៏ដោយ។
ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ពីលោក យឹម ស៊ីណន អតីតសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញនូវសេណារីយ៉ូ ចំនួន៣ចំនុច ពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយ ជាពិសេសផ្ដោតលើវត្តមាន របស់គណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោត នាពេលខាងមុខ។
សេណារីយ៉ូទាំង៣ របស់អតីតសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិរូបនេះ រួមមាន៖
១. ការសាកល្បងរុញសកម្មភាព ដើម្បីស្ទង់មើលកម្លាំងគាំទ្រខាងក្នុង(ជារបស់ខ្លួន)នៅប៉ុន្មាន ក្រោយខ្លួនបង្កើតកំហុសយុទ្ធសាស្រ្តច្រើនពេក
២. ប្រមូលកម្លាំងទុក ដើម្បីធ្វើការចរចារដោះដូរឲ្យខ្លួនបានចូលស្រុក ថ្នូរនឹងការចូល ឬមិនចូលរួមការបោះឆ្នោត បង្រ្គប់កិច្ចតម្រូវមតិអន្តរជាតិ ឲ្យទទួលស្គាល់ការបោះឆ្នោតខាងមុខ
៣. ចង់វាយដណ្តើមយក សមរភូមិ ឈរជើងឡើងវិញ ព្រោះមានវិប្បដិសារី នៃការរត់ចោលសមរភូមិ។
នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ លោក សយ សុភាព បានឱ្យដឹងថា លោកបានអានសំណេរដែលជាជាសេនារីយូទាំង៣ របស់លោក យឹម ស៊ីណន តាមការយល់ឃើញ របស់លោក (សយ សុភាព) គេត្រូវប្រយ័ត្នប្រយែង ហើយក៏មិនអាចយកលទ្ធផល សម្រាប់ចរចារដែរ។ ពិតហើយគ្មានបរិយាកាសឯណា ដែលពួកគេរួមទាំងលោក យឹម ស៊ីណន ថាល្អនោះបើមិនអញ្ជឹងបាត់តួនាទីប្រឆាំង។
ចំនុចនេះក្នុងនាមជាអ្នកព័ត៌មាន លោក សយ សុភាព អះអាងថា មិនអាចធ្វើអត្ថាធិប្បាយ ជំនួសបាននោះទេ។
លោក សយ សុភាព ប្រាប់លោក យឹម ស៊ីណន ត្រូវចងចាំថាសម្តេចតេជោ ហ៊ុន សែន (រដ្ឋបុរសសន្តិភាព) គឺផ្ទុយស្រលះ ពីឈ្មួញញុះឱ្យមានអស្ថេរភាព ដូច្នេះចូរប្អូន (យឹម ស៊ីណន) ចាំទុកថា គ្មានទេពាក្យចរចារឬ តថ្លៃរបស់ក្រុមគេ ទោះក្នុងរូបភាពណាក៏ដោយ។
លោក បញ្ជាក់ថា «ដោយឡែកអ្នកផ្សេង ដែលប្អូនគិតថាអាចរួមដំណើរជាមួយ បងមិនជំទាស់ទេ តែឥរិយាបទរបស់គេ ដូចជានៅត្រឹង ហើយតែងតែបង្ហាញកាយវិការ ឌឺតាមរយៈបានជួបអ្នកការទូតម្តងៗ»។
ក្នុងករណីនេះ លោក សយ សុភាព ក៏បានផ្ដល់ជាយោបល់ថា បើគួរបន្ថយបានបន្ថយទៅ ព្រោះសភាពការណ៏ ពិភពលោកក៏ប្រែប្រួល ទៅរកសភាពការណ៏ថ្មី។ ពោលគេអាចទុកបញ្ហានេះ ដោយឡែកសិន ហើយងាកមករកផលប្រយោន៏។
លោកថា បញ្ហានៅវេណេហ្សូអេឡា និង ជាពិសេសអតីតប្លុកសហភាពសូវៀត បានធ្វើឱ្យគេទុកបញ្ហារបស់កម្ពុជា មួយឡែក។
លោកថា ត្រូវចាំថាសហភាពអឺរ៉ុប នឹងមិនផ្ដាច់ EBA ពីកម្ពុជាទេ ព្រោះកម្ពុជាពិតជាមានផលប្រយោជន៏ សម្រាប់ពួកគេពិសេស ព្រឹត្តិការណ៏ រុស្ស៊ី-អ៊ុយក្រែន។
តែទោះបីជាយ៉ាងណាក៏ដោយ លោក សយ សុភាព នៅតែគាំទ្រនូវសកម្មភាព របស់លោក យឹម ស៊ីណន ដែលដែលចេញពីឆន្ទៈ៕