ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ដាក់វិធានការ ឱ្យអាជ្ញាធរ អង្គភាពពាក់ព័ន្ធ កុំទទួលយករាល់ផ្លូវសង់រួច ដោយមិនមានដាក់ ស្លាកសញ្ញាចរាចរ

កំពង់ចាម ៖ នាព្រឹកថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០២២ នៅក្នុងពិធីសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ ២០២២ របស់រដ្ឋបាល ខេត្តកំពង់ចាម ជាថ្ងៃទីពីរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់វិធានការ ឱ្យអាជ្ញាធរ អង្គភាពពាក់ព័ន្ធ កុំទទួលយករាល់ផ្លូវសាងសង់រួច ដោយមិនមានដាក់ស្លាកសញ្ញាចរាចរ ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា « គ្រប់ផ្លូវទាំងអស់ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទ , ផ្លូវដែលអនុវត្តដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន , ផ្លូវដែលអនុវត្ត ដោយរដ្ឋបាលខេត្ត , ស្រុក ហើយនិងអនុវត្តដោយមូលនិធិឃុំសង្កាត់ គ្រប់គម្រោងទាំងអស់ គឺស្នើសុំថា ពេលអនុវត្តគម្រោង រួចហើយ ត្រូវមានដាក់ស្លាកសញ្ញាចរាចរណ៍ ។ ចំណែកឯ គម្រោងទាំងអស់ ដែលដាក់ស្នើសុំ ដើម្បីស្ថាបនាផ្លូវត្រូវបូកបញ្ចូល ការដាក់ស្លាកសញ្ញាចរាចរណ៍ ឲ្យហើយផងដែរ ។ ចំពោះផ្នែកលទ្ធកម្ម នៅពេលចុះវាយតម្លៃ សូមណែនាំម្ចាស់ គម្រោងឲ្យដាក់ស្លាកសញ្ញា ចរាចរឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ មិនអនុញ្ញាត ឲ្យទទួលយកទេ » ។

លោកអភិបាលខេត្តបានបន្តថា ដោយសារការធ្វើចរាចរណ៍ តាមដងផ្លូវមានភាពមមាញឹក ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ស្ទើរតែរៀងរាល់ថ្ងៃ នៅក្នុងដើមឆ្នាំ ២០២២នេះ ។ ដូច្នេះការរៀបចំដាក់គំនូសស្លាក ចរាចរណ៍បានត្រឹមត្រូវ អាចធ្វើឱ្យផ្លូវមាន សោភ័ណភាព នឹងអាចកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍បានផងដែរ ។

ជាមួយគ្នានោះដែរ ចំពោះចំនុចខ្វះខាត ដែលកើតមានកន្លងទៅ ទាក់ទងនឹងការបម្រើសេវា និងការទំនាក់ទំនងជាមួយប្រជាពលរដ្ឋ មិនទាន់បានល្អ លោក អ៊ុន ចាន់ដា បានជំរុញឲ្យមន្ត្រីអនុវត្តច្បាប់ ខិតខំបន្ថែមទៀត ក្នុងការកែប្រែឥរិយាបថ បម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ៕

To Top