ព័ត៌មានជាតិ

ក្រសួងសាធារណការ ស្នើJICA បន្តគាំទ្រ ជំនួយបច្ចេកទេស ដើម្បីធានា ឲ្យការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន កាន់តែរលូន

ភ្នំពេញ ៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បន្តគាំទ្រជំនួយបច្ចេកទេស ដើម្បីអនុវត្តគោល នយោបាយវិស័យភស្តុភារកម្ម និងធានាឲ្យការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន កាន់តែរលូន ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ។

ក្នុងកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាពការងារ ប្រចាំខែលើកទី៨ នៃគម្រោង ធ្វើឲ្យប្រសើរឡើង ប្រព័ន្ធភស្តុភារកម្មកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពី ក្រុមការងារគម្រោង និងអ្នកជំនាញ JICA នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លោកស្រី កុយ សុដានី បានកោតសរសើរ អំពីវឌ្ឍនភាព ការងាររបស់ក្រុមការងារ នីមួយៗ និងជំរុញឲ្យក្រុមការងារពន្លឿន ការងារតាមក្រុមនីមួយៗ ដោយដាក់ ចេញនូវផែនការ សកម្មភាព និងកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់ និងត្រូវភ្ជាប់ឯកសារ យោងពាក់ព័ន្ធ ដើម្បីបញ្ចប់ការងារទៅតាមផែនការ បានគ្រោងទុក ដើម្បីដាក់ជូនអង្គប្រជុំរបស់គណៈ កម្មការពិនិត្យ និងផ្តល់អនុសាសន៍បន្ត។

លោកស្រី បានលើកពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃគម្រោងការធ្វើឲ្យប្រសើរឡើងការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនបាវិត និងស្ទឹងបត់។ លោកស្រីបញ្ជាក់ថា «ស្នើឲ្យ JICA បន្តផ្តល់ការគាំទ្រជំនួយបច្ចេកទេស នៅដំណាក់កាលបន្ទាប់ទៀត នៅឆ្នាំក្រោយ ដើម្បីគាំទ្រការអនុវត្តគោល នយោបាយវិស័យភស្តុភារកម្ម ដែលបានរៀបចំដាក់ចេញកន្លងមក និងធានាឲ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែន កាន់តែមានភាពរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់»។

សូមរំលឹកថា បច្ចុប្បន្នភាគីកម្ពុជា កំពុងអនុវត្តការងារពង្រីកផ្លូវ ក្នុងតំបន់ទ្រនាប់ (Buffer Zone) ដែលជាចំណែកទទួលខុស ត្រូវដោយភាគីកម្ពុជា នៅច្រកទ្វារបាវិត។ ជាមួយគ្នានេះផងដែរ ប្រធានក្រុមជំនាញការ JICA ក៏បានស្នើសុំឲ្យមានការជួបប្រជុំក្រុមការងារ ចម្រុះផ្នែកដឹកជញ្ជូនកម្ពុជា-វៀតណាម ដើម្បីជំរុញឲ្យភាគីវៀតណាមធ្វើការពង្រីក ផ្លូវក្នុង តំបន់ទ្រនាប់(Buffer Zone) ក្នុងចំណែកទទួលខុសត្រូវ របស់ភាគីវៀតណាម ដើម្បីសម្រួល និងកាត់បន្ថយការកកស្ទុះចរាចរណ៍ រវាងប៉ុស្តិ៍ច្រកទ្វារព្រំដែន ទាំងពីរ នៃប្រទេសទាំងពីរ ៕

To Top