ព័ត៌មានជាតិ

បញ្ហាប្រឈមនៅសេសសល់ គឺជាគន្លឹះស្នូល សម្រាប់ ប.ស.ស. ត្រូវបន្តដោះស្រាយ ឲ្យបានទាន់ពេលវេលា

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព ការងារសម្រេចបាន ព្រមទាំងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ប្រចាំខែកុម្ភៈ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទ​ទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានលើកឡើងថា ការដោះស្រាយបញ្ហាប្រឈមផ្សេងៗ គឺជាគន្លឹះស្នូល ដែលថ្នាក់ដឹកនាំនាយកដ្ឋាន និងប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ ទាំងអស់ នៃ ប.ស.ស. ត្រូវបន្តដោះស្រាយ ឲ្យបានទាន់ពេលវេលាជាមួយគ្នា ប្រកបដោយភាពទន់ភ្លន់ ម៉ឺងមាត់ ក្នុងការបំពេញកិច្ចការ ដោយធ្វើយ៉ាងណា ឲ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព ទទួលបាននូវលទ្ធផលខ្ពស់ បើទោះបីកន្លងមកថ្នាក់ដឹកនាំមន្ត្រី បុគ្គលិកទាំងអស់ បានបំពេញកិច្ចការងារ ក្នុងការបម្រើសេវា ជូនសមាជិក ប.ស.ស. បានល្អប្រសើរគួរឲ្យកត់សំគាល់ យ៉ាងណាក៏ដោយ។

លោកអគ្គនាយក ប.ស.ស. បានថ្លែងសង្កត់ធ្ងន់ថា ការសម្រេចបាន នូវលទ្ធផលដ៏ប្រសើរនេះ យើងក៏មិនភ្លេចពីការដឹងគុណបំផុត ចំពោះការដឹកនាំប្រទេស ដែលមានគតិបណ្ឌិត និងឈ្លាសវៃខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានដាក់ចេញ នូវវិធានការជាបន្ដបន្ទាប់ ពិសេសតាមរយៈនូវគោលនយោបាយ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលនេះជាយុទ្ធសាស្រ្ត គន្លឹះដ៏សំខាន់បំផុត ក្នុងការបង្កើតឲ្យបាន នូវភាពស៊ាំសហគមន៍ ដែលអាចទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន រហូតគ្រប់គ្រងស្ថានភាព នៃការរីករាលដាល នៃជំងឺឆ្លងដ៏សាហាវនេះ និងបានដំណើរការ ប្រទេសជាតិពេញលេញឡើងវិញ លើគ្រប់វិស័យ ហើយត្រូវបន្តរស់នៅ តាមគន្លងប្រក្រតីថ្មី ដោយត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ៣ការពារ និង ៣កុំ ក្រោមការដាក់ចេញ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា។

លោកអគ្គនាយក ប.ស.ស. ក៏បានជំរុញលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ លោក លោកស្រីជា ប្រធាន អនុប្រធាន និងមន្រ្តី បុគ្គលិក ប.ស.ស. គ្រប់សាខាទាំងអស់ ត្រូវបន្តពន្លឿនការដោះស្រាយ បញ្ហាប្រឈមផ្សេងៗ ដែលជាឧបសគ្គ ក្នុងការអនុវត្តការងារ ពិសេសសម្របសម្រួល ចំពោះបងប្អូនដែលជាសមាជិក ប.ស.ស. ពេលទៅទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាល ដែលជាដៃគូ ប.ស.ស. ក៏ដូចជាពេលមកទទួលសេវា ក្នុងការស្នើសុំប្រាក់ឧបត្ថម្ភផ្សេងៗ ពី ប.ស.ស. ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំធំ ស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួម ពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ សរុបប្រមាណជាង ១០០នាក់ ទាំងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ៕

To Top