ព័ត៌មានជាតិ

WB បន្ដគាំទ្រកម្ពុជា​ ដេីម្បីឆ្ពោះទៅ សម្រេចបាន​ ក្នុងឋានៈជាប្រទេស​ មានចំណូល មធ្យមកម្រិតខ្ពស់

ភ្នំពេញ​ ៖​ លោកស្រី​ Manela V.Ferro អនុប្រធានធនាគារពិភពលោក (World Bank) ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានថ្លែងថា​ WB ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងស្អិតរមួត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស​ គាំទ្រកម្ពុជា​ លើជំហានយ៉ាងស្វាហាប់ ឆ្ពោះទៅសម្រេចបាន​នូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។

តាមរយៈគេហទំព័រហ្វេសប៊ុក​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​ បានឲ្យដឹងថា​ ក្នុងជំនួបពិភាក្សាការងារជាមួយ​ សម្ដេចតេជោ នាថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២២​ លោកស្រី​ Manela V.Ferro បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងការឆ្លើយតបប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ជាពិសេស សម្រេចបានការចាក់វ៉ាក់សាំងក្នុងអត្រាកម្រិតខ្ពស់ជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងសម្រេចបានការបើកប្រទេសកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។

លោកស្រី​ បានបញ្ជាក់​ថា​ «ការប្ដេជ្ញាចិត្តរបស់ធនាគារពិភពលោក ក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងស្អិតរមួត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏បានអះអាងអំពីជំហរច្បាស់លាស់របស់ធនាគារពិភពលោក ក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាល លើជំហានយ៉ាងស្វាហាប់ ឆ្ពោះទៅសម្រេចបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់»។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនលោកស្រី​ Manela អំពីអភិក្រមផ្ការីកក្នុងការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយបានមានប្រសាសន៍បន្ថែមទៀតថា ការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋកម្ពុជា មិនត្រឹមតែជួយអាយុជីវិតប្រជាពលរដ្ឋកម្ពុជានោះទេ គឺជួយដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

សម្តេចតេជោ បានថ្លែងអំណរគុណជូនដល់ធនាគារពិភពលោក ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាភាពជាដៃគូល្អ ហើយអ្វីដែលធនាគារពិភពលោកអាចបន្តធ្វើទៀតនោះ គឺជំរុញភាពចាប់ដៃគូឲ្យកាន់តែខ្លាំងឡើង និងជំរុញរាល់គម្រោងដែលអាចធ្វើបាន ដើម្បីចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។

នាឱកាសនោះ​ សម្តេចតេជោ​ នាយករដ្ឋមន្ត្រី បានជម្រាបជូនលោកស្រី Manela អំពីអ្វីដែលកម្ពុជា ចង់បានក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន នោះគឺចង់បានឲ្យអាស៊ាន បង្កើតនូវស្ថានភាពអំណោយផលបំពេញឲ្យគ្នាទៅវិញទៅមកក្នុងក្របខណ្ឌ អាស្តា ផង និងក្របខ័ណ្ឌអាស៊ានបូក៥ ផង ក៏ដូចជាចង់បានឲ្យរបៀបការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងអាស៊ាន មានលំហូរល្អ៕

To Top