ព័ត៌មានជាតិ

សម្តេចតេជោ ៖ កម្ពុជា​ នឹងរៀបចំកិច្ចសន្ទនាសកល លើកទី២ ពិភាក្សាពីបញ្ហាស្ដារ សេដ្ឋកិច្ច ក្រោយកូវីដ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជា នឹងរៀបចំកិច្ចសន្ទនាសកលលើកទី២ ដើម្បីពិភាក្សាពីបញ្ហាការ ស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩ ។

ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា កម្ពុជានឹងត្រូវរៀបចំកិច្ចសន្ទនាសកល លើបញ្ហាពាក់ព័ន្ធជាមួយអាស៊ាន ដោយសារតែកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ។

សម្ដេចបញ្ជាក់ថា «កម្ពុជា នឹងរៀបចំកិច្ចសន្ទនាសកល លើកទី២ ដែលលើកទី១ ធ្វើនៅឆ្នាំ២០១២ ដោយមានការចូលរួមពីតួអង្គអាស៊ាន ដៃគូអាស៊ាន យើងអញ្ជើញ IMF ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ។ ហើយលើកនេះ យើងអាចទាញបណ្ដាដៃគូដទៃទៀត ដើម្បីចូលរួមដោយផ្ទាល់ក្ដី ឬតាមអនឡាញក្ដី» ។

ទាក់ទិនបញ្ហានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បន្ថែមថា កម្ពុជាកំពុងតែជ្រើសរើសប្រធានបទ ហើយប្រធានបទ នឹងនិយាយដល់បញ្ហាសេដ្ឋកិច្ច ប៉ុន្តែសេដ្ឋកិច្ច ក្នុងដំណាក់កាលណា ក៏ត្រូវគិតដល់ពេលវេលា ។ សម្ដេចថា ឥឡូវនេះជាដំណាក់កាល បើកសកម្មភាព សេដ្ឋកិច្ច សង្គម ក្នុងដំណាក់កាលរៀន រស់នៅជាមួយកូវីដ ប៉ុន្តែក៏មានប្រទេសមួយចំនួន បានត្រៀមរៀបចំការស្ដារសេដ្ឋកិច្ច ក្រោយដំណាក់កាលកូវីដ ៕

To Top