ព័ត៌មានជាតិ

រាជរដ្ឋាភិបាល កំណត់យកឆ្នាំ២០២៣ ជាកាលបរិច្ឆេទ ដាក់ដំណើរការថ្នាល ទូរទស្សន៍ឌីជីថលជាតិ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានកំណត់យកឆ្នាំ២០២៣ ជាកាលបរិច្ឆេទ នៃការដាក់ដំណើរការថ្នាល ទូរទស្សន៍ឌីជីថលជាតិ ដោយតម្រូវឲ្យក្រុមហ៊ុន ទូរស្សន៍អាណាឡូកឯកជនទាំងអស់ ប្រើប្រាស់សេវាថ្នាល ទូរទស្សន៍ឌីជីថលកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាថ្ងៃទី១៧ មីនា នេះ បានឲ្យដឹងថា ស្របតាមផែនការ រំដោះបន្ទារហ្វ្រេកង់ស៍ របស់រាជរដ្ឋាភិបាល ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជានេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនទូរទស្សន៍ អាណាឡូកឯកជន ផ្លាស់ប្តូរការផ្សាយពីប្រព័ន្ធ អាណាឡូកទៅជាប្រព័ន្ធឌីជីថល មានគុណភាពខ្ពស់ ក្នុងការបញ្ជូនរូបភាព និងសំឡេងទៅកាន់ ទស្សនិកជន នៅទូទាំង កម្ពុជា។

ក្រសួងបន្ដថា រាជរដ្ឋាភិបាល នឹងមានលទ្ធភាពរំដោះយកបន្ទារ ហ្វ្រេកង់ស៍ពីក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជន ជាពិសេស បន្ទារហ្វ្រេកង់ស៍ តំបន់ ៧០០ MHz ដើម្បីប្រគល់ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់ចែងប្រើប្រាស់ ក្នុងវិស័យទូរគមនាគមន៍ ដូចជា ប្រព័ន្ធ 5G មានគុណប្រយោជន៍ផ្នែកសេដ្ឋកិច្ចកម្រិតខ្ពស់ ធៀបនឹងការប្រើប្រាស់ ក្នុងវិស័យសោតទស្សន៍ ។

ក្រសួងបន្ថែមថា ការបង្កើតថ្នាលទូរទស្សន៍ឌីជីថលនេះ ក៏ជាលទ្ធផល នៃការប្ដេជ្ញាចិត្តដ៏មោះមុត របស់រាជរដ្ឋាភិបាល ក្នុងការអនុលោមតាម ឧត្តមានុវត្តន៍នៃបណ្ដាប្រទេសក្នុងតំបន់ និងអនុសាសន៍ របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា «ស្របតាមគោល ការណ៍ដ៏សំខាន់ៗទាំងនេះ រាជរដ្ឋាភិបាល បានកំណត់យកឆ្នាំ២០២៣ កាលបរិច្ឆេទ នៃការដាក់ដំណើរ ការថ្នាលទូរទស្សន៍ឌីជីថលជាតិ ដោយតម្រូវឲ្យក្រុមហ៊ុន ទូរទស្សន៍អាណាឡូកឯកជនទាំងអស់ ប្រើប្រាស់សេវាថ្នាល ទូរទស្សន៍ឌីជីថលកម្ពុជា និងបន្តការ ផ្សាយព្រមគ្នា (Simulcast) ជាប្រព័ន្ធអាណាឡូក និង ប្រព័ន្ធឌីជីថលស្របគ្នា រហូតដល់ដំណាច់ឆ្នាំ ២០២៥ ដែលជាកាលបរិច្ឆេទ សម្រាប់បិទការផ្សាយ ទូរទស្សន៍តាមប្រព័ន្ធ អាណាឡូក ជាស្ថាពរ» ។

សូមបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ ឌីជីថលកម្ពុជា ឯ.ក»៕

To Top