ព្រៃវែង៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៧ខែមីនាឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងាររបស់មន្ទីរព័ត៌មាន ខេត្តព្រៃវែង និងសកម្មភាពការងារមួយចំនួន ដែលមន្ទីរព័ត៌មានខេត្តព្រៃវែង បាននិងរៀបចំកសាងនៅអគារថ្មី ១ ខ្នង ដែលមានទទឹង ១២ម៉ែត្រ បណ្តោយ ២០ម៉ែត្រ ដែលមានកម្ពស់ ២ជាន់ សម្រាប់ផ្តល់ជូន ដល់មន្ត្រីមន្ទីរព័ត៌មាន ខេត្តព្រៃវែង ងាយស្រួលក្នុងការធ្វើការងារ ដើម្បីធ្វើយ៉ាងណា ឱ្យវិស័យព័ត៌មាននៅក្នុងខេត្តព្រៃវែងនេះ មានការរីកចម្រើនកាន់តែខ្លាំង និងដើម្បីងាយស្រួល ដល់មន្ត្រីធ្វើការងារ តាមផ្នែកផ្សេងៗទៀត ឲ្យមានកន្លែងត្រឹមត្រូវនោះផងដែរ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានថ្លែងថាទាំងនេះ គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់មន្ទីរព័ត៌មានខេត្តព្រៃវែង ក្នុងការធ្វើការងារ ទាក់ទងទៅនឹងវិស័យព័ត៌មាន ក៏ដូចជាវិស័យផ្សេងៗ របស់មន្ទីរព័ត៌មាន នៅក្នុងខេត្តព្រៃវែង នេះឲ្យមានការរីកចម្រើន ព្រោះថាសព្វថ្ងៃនេះ វិស័យព័ត៌មានបានដើរតួរយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ ក្នុងការផ្សព្វផ្សាយ ពីសកម្មភាពមួយចំនួន របស់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក អំពីសកម្មភាពមួយចំនួន នៅក្នុងខេត្តព្រៃវែងដែល បាននិងកំពុងរីកចម្រើន ជូនដល់មហាជនឲ្យបានយល់ដឹង កាន់តែច្បាស់អំពីសកម្មភាព ទាំងអស់នោះ តាមផ្សាយព័ត៌មានមួយនេះ។
ដោយស្របតាមពាក្យស្លោក របស់ក្រសួង ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន មន្ទីរព័ត៌មានខេត្តព្រៃវែង ក៏បានធ្វើការផ្សាយ នូវព្រឹត្តការសំខាន់ៗ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តតាមរយៈផេកមន្ទីរ ផេកវិទ្យុ ដើម្បីជូនដល់ប្រជាពលរដ្ឋស្តាប់ និងទស្សនាផងដែរ ។
លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានផ្តាំផ្ញើដល់ មន្រ្ដី និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តព្រៃវែង ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ធ្វើការងារតាមផ្នែកវិស័យរបស់ខ្លួន នីមួយៗនៅក្នុងមន្ទីរ ឲ្យអស់កម្លាំងកាយចិត្តធ្វើយ៉ាងណា ដើម្បីឲ្យវិស័យទាំងអស់នេះ មានការរីកចម្រើនទៅមុខជាលំដាប់។
សូមបញ្ជាក់ផងដែរថា៖ដំបូងឡើយមន្ទីរព័ត៌មាន ខេត្តព្រៃវែង ពុំមាន ទីតាំងសម្រាប់សាងសង់ អាគារខ្លួនឯងនោះទេ ដោយ រស់នៅ ពឹងផ្អែកធ្វើការ ជាមួយនឹងទីតាំងនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ។ ហើយសព្វថ្ងៃនេះមន្ទីរព័ត៌មាន ខេត្តព្រៃវែង មាន វិទ្យុជាតិបារាយណ៍អណ្តែត FM 97.30 MH2 ដែលធ្វើការផ្សាយក្នុង ១ថ្ងៃ ១៧ ម៉ោង គឺចាប់ពីម៉ោង ៥ ព្រឹកដល់ម៉ោង ១០ យប់ ។ ចំពោះកម្មវិធី ផ្សាយគឺមានកម្មវិធិអប់រំ វប្បធម៌ ព័ត៌មាន និងនាទីកំសាន្តផងដែរ៕