ភ្នំពេញ ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញដល់ថ្នាក់ដឹកនាំខេត្តឧត្ដរមានជ័យ ឱ្យយកចិត្តទុកដាក់ក្នុងការ បំពេញការងារបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៦ មីនា លោក ប៊ុន ហុន បានថ្លែងថាដើម្បីធ្វើឲ្យរដ្ឋបាលខេត្តសម្រេចបានជោគជ័យលើគ្រប់វិស័យរាល់ការងារស្នូលផ្សេងៗនោះ គប្បី អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ នៅតាមមូលដ្ឋានទាំងអស់ ត្រូវមានសាមក្គីភាពផ្ទៃក្នុងល្អ និងបម្រើសេវាសាធារណៈនានាជូនដល់ប្រជាពលរដ្ឋឲ្យបានលឿន និងឆាប់រហ័ស ពិសេសក្នុងឱកាសបោះឆ្នោតខាងមុខនេះ ធ្វើយ៉ាងណាត្រូវខិតខំបម្រើការងារស្នូលនៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យបានល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ។
លោក បានធ្វើការផ្តាំផ្ញើកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តឧត្តរមានជ័យ ដែលកន្លងមក តែងតែសម្រេចបានការរីកចម្រើននូវរាល់វិស័យការងារសង្គមនានាជាច្រើន ពិសេសនោះលើវិស័យសុខាភិបាល ក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបានរួចរាល់គ្រប់ដូស ដើម្បីការពារជំងឺកូវីដ-១៩ ផងដែរ៕