ព័ត៌មានជាតិ

លោក ប្រាក់ សុខុន ប្រេសិតពិសេសប្រធានអាស៊ាន នឹងទៅមីយ៉ាន់ម៉ា នៅថ្ងៃ២១ មីនា សប្តាហ៍ក្រោយ (Video)

ភ្នំពេញ ៖ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅមីយ៉ាន់ម៉ា ឬភូមា ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលឈានទៅដល់ការបញ្ចប់អំពើហិង្សា ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៨ មីនានេះ បានឲ្យដឹងថា ការដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចការងារ នៅមីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃមីយ៉ាន់ម៉ា ។

អញ្ជើញអមដំណើរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមមាន ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ , លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន , លោក លី យ៉ាម មីង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល សម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ(AHA Centre) និងមន្រ្ដីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទំាងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន និង AHA Centre ផងដែរ។

ដំណើរទស្សនកិច្ចលើកដំបូងនៃប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា មានគោលបំណងដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានទៅដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឲ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់ , ការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រ និងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ និងលើកទឹកចិត្តឲ្យមានកិច្ចពិគ្រោះយោបល់/កិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។

ដំណើរទស្សនកិច្ចនេះ នឹងផ្អែកលើឯកសារមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន, លទ្ធផលនៃដំណើរទស្សនកិច្ចការងារ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ , លទ្ធផលនៃកិច្ចពិភាក្សារវាងសម្តេចតេជោហ៊ុន សែន និងលោកនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោងឡាំង និងលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាននាពេលថ្មីៗនេះ ៕

To Top