ស្វាយរៀង ៖ មានមនុស្សប្រុសស្រី ១៤ នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះ ថ្នាក់ចរាចរណ៍ គួរអោយរន្ធត់រវាងរថយន្ត៣ គ្រឿងនិងម៉ូតូមួយគ្រឿង បុកបន្តកន្ទុយគ្នា បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើររាយការណ៍ មកសមត្ថកិច្ចមកអន្តរាគមន៍ទាំងយប់។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលា ម៉ោង ៧និង៣០នាទីយប់ថ្ងៃទី ១៧ ខែមីនាឆ្នាំ២០២២ ស្ថិតនៅលើផ្លូវលេខ១៣ ចន្លោះគីឡូម៉ែត្រលេខ១៣ និង១៤ ស្ថិតក្នុងភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា មុនកើតហេតុមានអ្នកបើកបរម៉ូតូឈ្មោះ អ៊ិន សំណាង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១N.១៩៩៧ បើកបរក្នុងទិសដៅ ពីត្បូងទៅជើងមកដល់កន្លែងកើតហេតុ ក៏បានបុកយ៉ាងពេញទំហឹង ជាមួយនឹងរថយន្ត ដែលធ្វើដំណើរ ពីទិសខាងជើងទៅត្បូង មិនប្រកាន់ស្ដាំម៉ាកTacoma ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ ២AG.៥៤៧៩បើកបរដោយឈ្មោះ សួន កុសល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងដែករស់នៅភូមិសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ។
ប្រភពបន្តថាក្រោយពីមានគ្រោះ ថ្នាក់ចរាចរណ៍រួចស្រាប់តែមានរថយន្ត២ គ្រឿងទៀត ធ្វើដំណើរមកដល់ចំណុចកើតហេតុ បានបុកគ្នាពីក្រោយទៀត មាន រថយន្តម៉ាកASIA GRAN BIRD ពណ៌សពាក់ស្លាកលេខ ព្រៃវែង ៣A.១៨៨៧ មានរឺម៉កសណ្ដោងពាក់ស្លាកលេខ ភ្នំពេញ ៤A.៥២៧៥បើកបរ ដោយឈ្មោះ អ៊ិត សូដា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបរ រស់នៅភូមិបាក់តាង ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មកដល់ចំណុចកើតហេតុបានបន្ថយល្បឿន រំពេចនោះក៏មានរថយន្តដឹកកម្មករមួយគ្រឿងទៀតម៉ាកហ៊ិយ៉ាន់ដាយ ខោនធីពណ៌សលាយស្វាយ ពាក់ស្លាកលេខ ភ្នំពេញ ៣B១៦៨០បើកបរដោយឈ្មោះ ចែម សារី ភេទ ប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង បុកពីក្រោយបណ្ដាលឱ្យកម្មករកម្មការិនីនៅក្នុងរថយន្តនិងរបួសចំនួន១៣ នាក់ក្នុងនោះ ធ្ងន់៤ នាក់ ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលលហេតុដែលបណ្ដាលឲ្យមានករណី គ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់នេះមកពី រថយន្តTacoma ពាក់ស្លាកលេខភ្នំពេញ 2AG.5479 បើកបរមិនប្រកាន់ស្ដាំ ខណៈអ្នកបើកបង្កហេតុបានរត់គេចខ្លួនផងដែរ។
បច្ចុប្បន្នមធ្យោបាយធ្វើដំណើរទាំង ៤គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង និងអូសយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុករំដួល ដោះស្រាយពេលក្រោយ ។ ចំណែកអ្នកបើកបរ រថយន្តដឹកកម្មករ និងអ្នកបើករថយន្តម៉ាកASIA GRAN BIRD ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាល ស្រុករំដួល ដើម្បីដោះស្រាយតាមច្បាប់ ៕