ព័ត៌មានជាតិ

កម្ពុជា ស្នើអារ៉ាប៊ីសាអូឌីត ពិចារណានាំចូល កសិផលពីកម្ពុជា និងចែករំលែកបទពិសោធន៍ ពីការផលិតអាហារហាឡាល់

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានស្នើឲ្យអារ៉ាប៊ីសាអូឌីត ពិចារណាលើការនាំចូលកសិផលពីកម្ពុជា និងចែករំលែកបទពិសោធន៍ ស្ដីពីការផលិតអាហារហាឡាល់ (Halal Food) ។

នៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយគ្នា កាលពីថ្ងៃទី១៨ មីនា នៅវិមានសន្តិភាព ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានពិភាក្សាលើវិស័យផ្សេងៗ នៃកិច្ចសហប្រតិបត្តិការ និងបានឯកភាពថា ព្រះរាជទស្សនកិច្ចនេះ គឺជាចំណុចចាប់ផ្តើមសម្រាប់ការលើក កម្ពស់ទំនាក់ទំនងជាមិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពថា ប្រទេសទាំងពីរនៅមិនទាន់ បានប្រើប្រាស់សក្តានុពលទាំងអស់ នៃកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់នៅឡើយ និងបានប្តេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវវិសាលភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងការផ្លាស់ប្តូរជំនាញការទូត រវាងវិទ្យាស្ថានការទូត នៃប្រទេសទាំងពីរ ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជំរុញភាគីអារ៉ាប៊ីសាអូឌីតឱ្យធ្វើការពិចារណា ចំពោះការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍ជាមួយកម្ពុជា និងពន្លឿនការពិចារណាចំពោះអនុស្សារណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្ត្រ និងអប់រំ រវាងប្រទេសទាំងពីរ ៕

To Top