ព័ត៌មានជាតិ

អារ៉ាប៊ីសាអូឌីត ប្រកាសគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាន

ភ្នំពេញ៖ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្រ្តី ការបរទេសនៃ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានប្រកាសការគាំទ្រកម្ពុជា ធ្វើជាប្រធាន អាស៊ាន ។

ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ ប្រកាសគាំទ្របែបនេះ នៅក្នុងជំនួបទ្វេភាគី ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី១៨ មីនា នាវិមានសន្តិភាព ។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗមួយចំនួន ដែលជាផលប្រយោជន៍ និងការបារម្ភរួម។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះការ គាំទ្រគ្នាទៅវិញទៅមក នាពេលបច្ចុប្បន្ន និងបានសន្យាថា នឹងពង្រឹងការគាំទ្រគ្នាបែបនេះបន្ថែមទៀត។

ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានសម្តែងនូវការគាំទ្រ និងជូនពរដល់ការធ្វើជា ប្រធានអាស៊ានរបស់កម្ពុជា។

ភាគីទាំងពីរ មានគោលជំហរដូចគ្នា ក្នុងការគោរពតាមធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ និងការគោរពចំពោះអធិបតេយ្យភាព និងគោលការណ៍មិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង ៕

To Top