ស្វាយរៀង៖ មនុស្សប្រុសស្រីចំនួន ៤នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរបួសម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ មួយរវាងរថយន្តបែនដឹកដី និងរថយន្តហាយឡែនឌ័រកាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី ១៩ខែមីនាឆ្នាំ ២០២២ នៅចំណុចកែងបំបែកជា៤ កែងបាក់រនាស់ ស្ថិតក្នុងភូមិភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោកវរសេនីយ៍ទោ កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា នៅវេលាម៉ោងទៀបភ្លឺថ្ងៃនេះមានករណី គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានបណ្ដាលឲ្យមនុស្សចំនួន ៤ នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ គឺបណ្ដាលមកពីរថយន្តបែនដឹកដី បើកបរមិនគោរពសិទ្ធិអាទិភាព ទើបបណ្តាលឲ្យមាន គ្រោះថ្នាក់ចរាចរណ៍បែបនេះទេ។

លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានរថយន្តបែនដឹកដីបានធ្វើដំណើរ ពីទិសខាងជើងមកត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួនកែងបាក់រនាស់ បុកជាមួយរថយន្តហាយឡែនឌ័រ ដែលធ្វើដំណើរពីកើតទៅលិចយ៉ាងពេញទំហឹង បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសតែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់និងធ្វើការវាស់វែង ចំណែកសពជនរងគ្រោះទាំង ៤នាក់ បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តផងដែរ ៕

