ភ្នំពេញ៖ តាមការស្រាវជ្រាវរបស់ស្ថាប័នធំៗ មួយចំនួននៅលើសកលលោក ដែលធ្វើការពាក់ព័ន្ធទៅបញ្ហាសុខភាព សាធារណៈបានបង្ហាញថា ការប្រើប្រើប្រាស់ផលិតផលថ្នាំជក់ បានបង្កឱ្យហានិភ័យខ្ពស់ដល់សុខភាព អ្នកប្រើប្រាស់ និងអ្នកស្រូបផ្សែងបារីពីគេ។ មិនត្រឹមតែប៉ុណ្ណោះ ថ្នាំជក់បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារ និងសេដ្ឋកិច្ច ជាតិយ៉ាងច្រើនលានដុល្លារ ជារៀងរាល់ឆ្នាំ។
តើការប្រើប្រាស់ថ្នាំជក់មាន ផលប៉ះពាល់ដល់សុខភាពបែបណាខ្លះ? ហើយអ្នកពាក់ព័ន្ធគួរតែធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយការជក់បារី នៅកម្ពុជាឱ្យមកនៅកម្រិតទាប?
បើនិយាយពីផលិតផលថ្នាំជក់ គឺគេសំដៅលើផលិតផល គ្រប់ប្រភេទផ្សំឡើងពីសន្លឹកថ្នាំជក់ សរសៃថ្នាំជក់ ឬសារធាតុ នៃថ្នាំជក់ ដែលផលិតដោយឧស្សាហកម្មថ្នាំជក់ ឬដោយមធ្យោបាយផ្សេងៗទៀត ដែលប្រើប្រាស់សម្រាប់ជក់ដោយផ្ទាល់ ឬដោយទម្រង់ផ្សេងៗទៀត មានដូចជា៖ ការជញ្ជក់ ទំពា ចុក ឬហិត។ នេះបើយោងតាម ច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផល ថ្នាំជក់ត្រង់មាត្រា៤។
ប្រិយមិត្តជាទីមេត្រី! អាវុធបរមាណូ សម្លាប់មនុស្សយ៉ាងច្រើនក្នុងរយៈពេលខ្លី តែបារីជាឃាតកសម្ងាត់ សម្លាប់មនុស្សជារៀងរាល់ថ្ងៃ ដោយមិនដឹងខ្លួន។ ឯសង្គ្រាមលោកលើកទី១និងទី២ សម្លាប់មនុស្សចន្លោះពី ៦០ទៅ៨០លាននាក់ប៉ុណ្ណោះ។ តែបារីបានសម្លាប់មនុស្សជាង ១០០លាននាក់ ក្នុងសតវត្សទី២០នេះ។ ផ្អែកលើភស្តុតាងដែលមានលក្ខណៈវិទ្យាសាស្ត្រ លើកឡើងក្នុងសន្និសីទ របស់រដ្ឋភាគីនានានៃអង្គការ សុខភាពពិភពលោកពាក់ព័ន្ធ អនុសញ្ញាត្រួតពិនិត្យថ្នាំជក់ បានធ្វើការសន្និដ្ឋានថា បរិស្ថានគ្មានផ្សែងបារី ១០០% ជាមធ្យោបាយតែមួយគត់ ផ្តល់ការការពារពេញលេញ ចំពោះសុខភាពរបស់មនុស្ស ពីផលប៉ះពាល់នៃការស្រូបផ្សែងបារីពីគេ។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជាបានមាន ប្រសាសន៍ប្រាប់អ្នកយកព័ត៌មាន វិទ្យុមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធតេឡេក្រាមថា បច្ចុប្បន្ននេះអត្រាប្រវ៉ាឡង់ អ្នកជក់បារីនៅកម្ពុជាមានការថយចុះ តែចំនួនអ្នកជក់វិញមានការកើនឡើងដោយប្រជាជនមានការកើនឡើងដែរ។ ការប្រើប្រាស់បារីបានបង្កឱ្យកើតជំងឺផ្សេងៗ រហូតឈានដល់ការស្លាប់ ។
លោកវេជ្ជបណ្ឌិត មុំ គង់ បញ្ជាក់ថា «ការជក់បារីបង្កឱ្យមានជំងឺពិការភាព និងស្លាប់។ បើយោងតាមការស្រាវជ្រាវរបស់ ស្ថាប័នអង្គការសហប្រជាជាតិ ដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំ២០១៩ថ្មីៗនេះ បានបង្ហាញថា ប្រជាជនកម្ពុជាប្រមាណ ១៥០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ នាំមុខដោយជំងឺ ៥មុខនាំឱ្យស្លាប់មានដូចជា៖ ជំងឺដាច់សៃ ឈាមខួក្បាល ជំងឺហើមសួត ជំងឺបេះដូងសៃឈាម ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងក្រោម ហើយហ្នឹងជំងឺមហារី កសួត បំពង់ករ មាត់ជាដើម។ ក្រៅពីធ្វើឱ្យប្រជាពលរដ្ឋស្លាប់រាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ ថ្នាំជក់ក៏បានធ្វើឱ្យ ប្រទេស កម្ពុជាខាតបង់សេដ្ឋកិច្ចប្រមាណ ៤៤៩លានដុល្លារសហរដ្ឋអាមេរិក ដែលស្មើនឹង ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) »។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ការដំឡើងតម្លៃពន្ធលើថ្នាំជក់ជាមធ្យោបាយ ដ៏មានប្រសិទ្ធភាពមួយ បន្ទាប់ពីវិធីអប់រំប្រជាពលរដ្ឋឱ្យឈប់ជក់បារី ដាក់សាព្រមានសុខភាពលើកញ្ចប់បារី ការហាមផ្សព្វផ្សាយពាណិជ្ជកម្មបារី នៅលើប្រពន្ធផ្សព្វផ្សាយ និងការឈប់ទទួលយកការឧបត្ថម្ភផ្សេងៗ ក្រោមការបង្កប់នូវខ្លឹមសារផ្សាយពាណិជ្ជកម្មរបស់ឧស្សាហកម្មថ្នាំជក់។
លោកវេជ្ជបណ្ឌិតថ្លែង «តាមពិតទៅការដំឡើងពន្ធ ត្រូវបានគេចាត់ទុកថា ជាយុទ្ធសាស្រ្តឈ្នះឈ្នះ។ ឈ្នះទីមួយ គឺបានចំណូលពន្ធចូលរដ្ឋ បន្ថែមពីលើច្រើនជាងមុន នៅពេលបានប្រាក់ពីការឡើងពន្ធបារីនេះ រដ្ឋអាចយកប្រាក់ទាំងនោះទៅកែលម្អ វិស័យសុខាភិបាលឱ្យកាន់តែប្រសើរ វិស័យអប់រំ ឬក៏កែលម្អវិស័យអប់រំជាដើម។ ចំណូលបានច្រើនប្រើប្រាស់ បានច្រើនយ៉ាងជាពិសេសទប់ស្កាត់កូវីដ១៩។ ទីពីរ កាលណាដំឡើងពន្ធបារី មានន័យថាយើងកាត់បន្ថយការ វេទនារបស់ប្រជាពលរដ្ឋ ។ ចំនួនប្រជាពលរដ្ឋ ដែល ឈឺ ស្លាប់ ពិការដោយមូលហេតុជក់បារីនេះ នឹងថយចុះ ! ហើយក្នុងចំណុចហ្នឹងក៏បាន កាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលទៅលើការព្យាបាលជំងឺ ដែលបង្កមកពីការប្រើប្រាស់ថ្នាំជក់»។
ការដំឡើងពន្ធលើផលិតផលថ្នាំជក់ គឺជាកាត្វកិច្ចរបស់រដ្ឋភាគី មានន័យថា ប្រទេសកម្ពុជាបានផ្តល់ សច្ចាប័នចូលជារដ្ឋភាគី នៃអនុសញ្ញា ស្តីការត្រួតពិនិត្យថ្នាំជក់ អ៊ីចឹងរដ្ឋភាគីហ្នឹងត្រូវតែដំឡើងពន្ធលើ ផលិតផលថ្នាំជក់ហើយ។ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិ មានជ័យកាលពីឆ្នាំ២០២១ បានបង្ហាញថា ប្រជាជនកម្ពុជាប្រមាណ ៩៤ភាគរយ ស្នើឱ្យរដ្ឋដំឡើងពន្ធលើ ផលិតផលថ្នាំជក់ ព្រោះថា ការដំឡើងពន្ធនេះមិន មានផលប៉ះពាល់អ្វីទេ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA)បានបង្ហាញថា នៅក្នុងអំឡុងពេលការរីករាលដាល នៃជំងឺកូវីដ- ១៩ រាជរដ្ឋាភិបាលត្រូវការថវិកាបន្ថែម ដើម្បីជួយដល់ប្រជាពលរដ្ឋ។ ការដំឡើងពន្ធទៅលើផលិតផល ដែលមានហានិភ័យខ្ពស់ដល់សុខភាព ដូចជាផលិតផលថ្នាំជក់ ជារឿងដែលល្អបំផុតក្នុងពេលនេះ ព្រោះវានឹងធ្វើឱ្យកម្ពុជាទទួលបាន អត្ថប្រយោជន៍យ៉ាងក្រាស់ក្រែល ពោលគឺមិនត្រឹមតែទទួលបាន ចំណូលពន្ធរដ្ឋបន្ថែមប៉ុណ្ណោះទេ ថែម ទាំងកាត់បន្ថយការចំណាយលើសុខភាព និងធ្វើឱ្យអ្នកឈប់ជក់បារីមានសុខភាព និងផលិតភាពការងារល្អប្រសើរជាងមុន។
ឯកសារដដែលបានបញ្ជាក់ថា ការដំឡើងពន្ធថ្នាំជក់ ធ្វើឱ្យតម្លៃថ្នាំជក់កើនឡើង និងកាត់ បន្ថយលទ្ធភាពទិញបាន ហើយវាជាវិធីសាស្រ្តមាន ប្រសិទ្ធភាពបំផុតក្នុងការកាត់ បន្ថយការប្រើប្រាស់ថ្នាំជក់ និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។ ប្រសិនបើកម្ពុជាដំឡើងពន្ធថ្នាំជក់ នឹងជួយឱ្យប្រជាពលរដ្ឋប្រមាណ ២លាននាក់ឈប់ជក់បារី និងប្រជាពលរដ្ឋប្រមាណ ១៥០០០នាក់ រួចផុតពីសេចក្ដីស្លាប់ដោយសារការជក់បារី ក្នុងមួយឆ្នាំៗ ។ អត្រាពន្ធថ្នាំជក់នៅកម្ពុជា បច្ចុប្បន្នគឺត្រឹមតែ ២៥%- ៣០% នៃតម្លៃបារីលក់រាយប៉ុណ្ណោះ ដែលជាមធ្យមបារីមួយកញ្ចប់ មានតម្លៃតិចជាង ១ដុល្លារសហរដ្ឋអាមេរិក ធ្វើឱ្យលទ្ធភាពទិញបានកាន់តែខ្ពស់។
តើមតិបំភ័ន្តទាក់ទងនឹងការជួញដូរ ផលិតផលថ្នាំជក់ខុស ច្បាប់ និងការបាត់បង់ចំណូលពន្ធរដ្ឋ កំពុងរំខានដល់សមត្ថ កិច្ចរបស់រាជរដ្ឋាភិបាលក្នុងការដំឡើងពន្ធថ្នាំជក់ដែរឬទេ? ជាការពិតណាស់ ឧស្សាហកម្មថ្នាំជក់តែងតែបំផ្លើស ការរួមចំណែករបស់ខ្លួន និងប្រើ ប្រាស់ការស្រាវជ្រាវដែលលំអៀង ក្រោមការឧបត្ថម្ភរបស់ខ្លួនទាក់ទងនឹងការជួញដូរ ផលិតផលថ្នាំជក់ខុសច្បាប់ ដើម្បីប្រឆាំងនឹងការឡើងពន្ធថ្នាំជក់ និងបំភាន់អ្នកបង្កើតគោលនយោបាយ និងសាធារណជន។
តាមការសន្និដ្ឋានប្រហែលជា ១១.៦%នៃទីផ្សារបារីលើសកលលោក គឺជាពាណិជ្ជកម្មខុសច្បាប់ ហើយភាគច្រើនកើតមាននៅក្នុងប្រទេស ដែលមានចំណូលទាប និងចំណូលមធ្យម ដែលបារីមានតម្លៃទាប ។ ភស្តុតាងវិទ្យាសាស្រ្តបានបង្ហាញថា ទីផ្សារបារីខុស ច្បាប់នៅប្រទេសដែលហូត ពន្ធបារីទាប និងតម្លៃបារីទាប មានច្រើនជាងប្រទេសដែលហូតពន្ធបារីខ្ពស់ និងតម្លៃបារីខ្ពស់ជាង។
បច្ចុប្បន្នពន្ធថ្នាំជក់នៅប្រទេសកម្ពុជា មានអត្រា ២៥% នៃតម្លៃលក់រាយ សម្រាប់បារីផលិតក្នុងស្រុក និង ៣១%សម្រាប់បារីនាំចូល ដែលអត្រានេះនៅមានកម្រិតទាប នៅឡើយ បើធៀបជាមួយអត្រាពន្ធថ្នាំជក់ នៃប្រទេសអាស៊ានផ្សេងៗទៀត។ អត្រាពន្ធថ្នាំជក់សមរម្យបំផុត ដែលណែនាំដោយ អង្គការសុខភាពពិភពលោក និងធនាគារពិភពលោកគឺ ៧៥% នៃតម្លៃលក់រាយ។
លោក សែ សុឃន អគ្គនាយករង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់លើកឡើងនៅក្នុង សិក្ខាសាលាមួយកាលពីខែមករា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរ បញ្ហានេះជាបន្តបន្ទាប់ដែរហើយ ប៉ុន្តែការដំឡើងពន្ធលើ ផលិតផលថ្នាំជក់នេះ គឺរដ្ឋត្រូវមានគោលនយោបាយ មួយច្បាស់លាស់ និងយោងតាមស្ថានភាពជាក់ស្តែង ព្រោះបើយើងមិនបានគិតគូរច្បាស់លាស់ទេ អាចមានបញ្ហាប្រឈមផ្សេងៗដូចជា៖ ការកើនឡើងនៃផលិតផលក្លែងក្លាយ អាចមានអំពើរត់ពន្ធខុសច្បាប់ និងបទល្មើសផ្សេងៗទៀត។ រាជរដ្ឋបានគិតគូរណាស់ថា ការដំឡើងពន្ធនឹងបានចំណូលចូលថវិកាជាតិ ប៉ុន្តែហេតុអ្វីបានជាយើងមិនដំឡើងភ្លាមៗ ព្រោះយើងចង់ប្រើវិធានការ ស្ម័គ្រចិត្តពីប្រជាពលរដ្ឋ និងអប់រំឱ្យពួកគាត់ឱ្យ មានការយល់ដឹងជាមុនសិន ព្រោះថា អ្នកជក់បារីមិនសំខាន់លើលុយក្នុងការទិញទេ បើពួកគាត់ចង់ជក់ តម្លៃប៉ុន្មាន ក៏នៅតែទិញមកប្រើប្រាស់ដែរ។
ក្រុមអ្នកតាមដានផ្នែកសង្គម បានមើលឃើញថា ប្រជាពលរដ្ឋភាគច្រើនបានយល់ច្រឡំថា ការជក់បារី មិនចំណាយច្រើន និងមិនមានផលប៉ះដល់ សុខភាពពួកគេឡើយ។ តែតាមការពិតពួកគាត់ត្រូវចំណាយច្រើន ទៅលើការទិញបារីពីមួយថ្ងៃទៅមួយថ្ងៃ ។ បើក្នុងមួយថ្ងៃជាមធ្យមពួកគាត់ម្នាក់ ជក់បារីអស់មួយកញ្ចប់ តម្លៃ២០០០រៀលក្នុងមួយឆ្នាំ យ៉ាងហោចណាស់ក៏ត្រូវ ចំណាយថវិកាជិត១លានរៀលដែរ។ អ្នកខ្លះជក់បារីថ្លៃថ្លៃអាចអស់ រាប់ពាន់ដុល្លារក្នុងមួយឆ្នាំៗ នេះមិនទាន់គិតពីថ្លៃព្យាបាលជំងឺផ្សេងៗ ដែលបណ្តាលមកពីការ ប្រើប្រាស់ថ្នាំជក់នៅឡើយទេ។
យោងតាមឯកសារសំខាន់ៗ និងអ្នកជំនាញបើកស្រាយខាងលើនេះ ផលិតផលថ្នាំជក់ពិតជាឃាតកសម្ងាត់មួយ ដែលសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ដោយមិនដឹងខ្លួន ការជក់បារីបង្កឱ្យមានជំងឺច្រើនមុខ ខាត់បង់សេដ្ឋកិច្ចក្នុងគ្រួសារ និងសង្គមជាតិ។ ម៉្យាងវិញទៀតអ្នកជក់បារី ត្រូវបានគេរើសអើង មិនចង់នៅក្បែឡើយ។ ដូច្នេះយុវជនមិនទាន់ចេះជក់បារីកុំចង់សាក កុំនៅជិតបារី ហើយបើអ្នកធ្លាប់ជក់បារីរួចហើយ គប្បីលះបង់ចោលទៅជាបន្ទាន់ ដើម្បីសុខភាពខ្លួនឯង និងមនុស្សជាទីស្រលាញ់ ដែលរស់នៅជុំវិញខ្លួនអ្នក ព្រោះជក់បារី ជាការដុតលុយចោលរាល់ថ្ងៃ ជក់បារីនាំឱ្យពុកធ្មេញ ជក់បារីនាំឱ្យកើតមហារីកសួត ជក់បារីនាំឱ្យដាច់សសៃឈាមខួក្បាលស្លាប់មុនអាយុជាដើម៕ អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន