ព័ត៌មានជាតិ

កងទ័ពកម្ពុជា-វៀតណាម នឹងរៀបចំ ឲ្យមានកិច្ចប្រជុំនៅព្រំដែន

ភ្នំពេញ៖ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ លោក ង្វៀន តឹនគឿង (Nguyen Tan Cuong ) ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីការពារប្រទេស បានឱ្យដឹងថា កងទ័ពកម្ពុជា-វៀតណាម នឹងរៀបចំ ឲ្យមានកិច្ចប្រជុំនៅព្រំដែន ដើម្បីពង្រឹងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការ លើកិច្ចការពារជាតិ។

លោក ង្វៀន តឹនគឿង បានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយបានគោរពសម្ដែង នូវការអបអរសាទរចំពោះ សម្តេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រយុទ្ធប្រឆាំងកូវីដ-១៩ បានជោគជ័យ ដោយបានចាក់ស្រោចវ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋបានជាង៩០% ដែលនេះជាចំនួនច្រើនបំផុត នៅក្នុងពិភពលោក និងនៅក្នុងតំបន់។

លោកក៏សូមសម្តែងនូវការអបអរសាទរផងដែរ ចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ជាពិសេសទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំអគ្គបញ្ជាការ ដែលធ្វើដោយផ្ទាល់ បន្ទាប់ពីការអាក់ខាន ការប្រជុំដោយផ្ទាល់២ឆ្នាំកន្លងមក។

លោកក៏បានគោរពរាយការណ៍ ជូនសម្ដេចតេជោថា «កងទ័ពទាំង២នឹងរៀបចំ ឲ្យមានកិច្ចប្រជុំនៅព្រំដែន ដើម្បីពង្រឹងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការលើកិច្ចការពារជាតិ ការបង្កើត Hot line ដើម្បីរួមគ្នាដោះស្រាយ រាល់បញ្ហាដែលអាចកើតមានឡើង ឲ្យទាន់ពេលវេលា ហ្វឹកហាត់ការស្រាវជ្រាវ និងសង្គ្រោះបន្ទាន់ រួមទាំងចែករំលែកព័ត៌មាន រក្សាសន្តិសុខ និងសុវត្ថិភាពតាមព្រំដែន»។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះ របាយការណ៍របស់លោក ង្វៀន តឹនគឿង និងលើកទឹកចិត្តឲ្យកងទ័ពទាំង២ បន្តកិច្ចសហប្រតិបត្តិការខាងលើ និងស្វែងរកកិច្ចសហប្រតិបត្តិការ ដទៃទៀតដែលអាចធ្វើបាន ដើម្បីធ្វើយ៉ាងណារក្សាសុវត្ថិភាព និងសន្តិសុខជូនដល់ប្រជាជន រស់នៅតាមព្រំដែន ដើម្បីឲ្យពួកគាត់ប្រកបអាជីវកម្មដោយគ្មានការភ័យខ្លាច ប្រែក្លាយព្រំដែនដែលធ្លាប់ជាទីតាំងសមរភូមិ ឲ្យទៅជាតំបន់គ្របដណ្តប់ ដោយការអភិវឌ្ឍ សន្តិភាព និងមិត្តភាព។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោក ង្វៀន តឹនគឿង អំពីយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងនៅកម្ពុជា ដែលនាំដល់ការទទួលបានជោគជ័យ និងបើកប្រទេសឡើងវិញតាមរយៈ
ទី១) អ្នកដំណើរមកកម្ពុជាពុំចាំបាច់មានវិញ្ញាបនបត្របញ្ជាក់ការធ្វើតេស្ត PCR 72 ម៉ោង មុនធ្វើដំណើរមកកម្ពុជាទេ
ទី២)មិនតម្រូវឲ្យធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជាទេ
ទី៣)អនុញ្ញាតទិដ្ឋាការនៅពេលមកដល់កម្ពុជា។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានកោតសរសើរ ដល់ការចូលរួមចំណែករបស់កងទ័ពទាំង២ ក្នុងការកសាងការពារ ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង វៀតណាម៕

To Top