ភ្នំពេញ៖ ខណៈពេលវេលា នៃដំណើរទស្សនកិច្ចនៅកម្ពុជាមកដល់ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ លោក គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្ត្រីជប៉ុន បានបង្ហាញនូវគោលបំណងចំនួន២ នៃដំណើរទស្សនកិច្ចនេះ គឺការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងជប៉ុន-កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចការអន្តរជាតិ និងតំបន់ រួមមានបញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ាជាដើម។
តាមរយៈ សាររបស់ លោកនាយករដ្ឋមន្ត្រីជប៉ុន ផ្ញើជូនចំពោះប្រជាជនកម្ពុជា ដោយបានបង្ហោះនៅលើគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានឱ្យដឹងថា គោលបំណងទាំងពីរនោះរួមមាន៖
-១ គឺការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងជប៉ុន-កម្ពុជា។
ឆ្នាំនេះ គឺជាខួបលើកទី៣០នៃការចូលរួម របស់ជប៉ុនក្នុងសកម្មភាពថែរក្សាសន្តិភាព(PKO) ជាលើកដំបូងមកកម្ពុជា។ ជប៉ុនបានដើរជាមួយកម្ពុជា លើផ្លូវឆ្ពោះទៅរកសន្តិភាព ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាបន្តបន្ទាប់នៅកម្ពុជា។ ជាឧទាហរណ៍ ប្រទេសជប៉ុនបាននិងកំពុងផ្តល់ការគាំទ្រ អស់រយៈពេលជាច្រើនឆ្នាំ លើការដោះមីនតាមរយៈការផ្តល់ឧបករណ៍ និងការបញ្ជូនអ្នកជំនាញ និងលើវិស័យផ្គត់ផ្គង់ទឹកស្អាត ដោយស្ថិរភាពនៅក្នុងរាជធានីភ្នំពេញជាដើម។ ហើយនៅពេលថ្មីៗនេះ ជប៉ុនបានផ្តល់វ៉ាក់សាំងប្រមាណ ១.៣លានដូស និងឥណទានសម្បទានសរុប ៤៥ពាន់លានយ៉េន ដើម្បីគាំទ្រដល់វិធានការរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងកូវីត-១៩។ លើសពីនេះទៀត យើងក៏មានគម្រោងគាំទ្រដល់ការអភិវឌ្ឍកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលជាសសរទ្រូងនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងចំនុចនេះ លោកនាយករដ្ឋមន្រ្តីជប៉ុន ជឿជាក់ថា កិច្ចសហប្រតិបត្តិការទាំងនេះ បាននាំឲ្យមានទំនាក់ទំនងទុកចិត្តគ្នាដ៏ស៊ីជម្រៅ រវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ។ លោកថា ថ្ងៃនេះដោយផ្អែកលើទំនាក់ទំនងទុកចិត្តគ្នា នៃប្រទេសទាំងពីរ លោកនឹងធ្វើការពិភាក្សាយ៉ាងលំអិត ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសន្តិសុខ ដើម្បីអភិវឌ្ឍទំនាក់ទំនង រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន។
-២ គឺពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងតំបន់ រួមមានបញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ាជាដើម។
នាពេលបច្ចុប្បន្ន សហគមន៍អន្តរជាតិកំពុងប្រឈមមុខ នឹងស្ថានភាពដែលអង្រួនមូលដ្ឋាន គ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន គឺជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ ហើយប្រាកដជាមិនអាចទទួលស្គាល់បានឡើយ។ ប្រទេសជប៉ុន និងកម្ពុជា បានចូលរួមជាមួយគ្នា ជាប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេស បន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីការឈ្លានពាន លើប្រទេសអ៊ុយក្រែន ហើយក៏បានសម្តែងការប្រឆាំងយ៉ាងច្បាស់ ចំពោះការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ដោយកម្លាំងជាឯកតោភាគីរបស់រុស្ស៊ី និងអំពើហិង្សាប្រឆាំងនឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែនមានប្រសាសន៍ជាមួយខ្ញុំថា ក្នុងនាមជាប្រធានអាស៊ានប្តេជ្ញាចិត្តដើម្បីឆ្ពោះទៅរកដំណោះស្រាយនៃបញ្ហានានាដូចជា ស្ថានភាពនៅមីយ៉ាន់ម៉ាជាដើម ។ លោកនាយករដ្ឋមន្រ្តី បានយល់ថាតាមបទពិសោធន៍នៃសង្គ្រាមស៊ីវិល ប្រជាជនកម្ពុជាមានចិត្តគំនិត ដ៏ពិសេសចំពោះសន្តិភាព។ ហេតុដូច្នេះហើយ លោកមានបំណងសហការជាមួយ រដ្ឋាភិបាលកម្ពុជាដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។
ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្តី ក៏បានឱ្យដឹងថា ការធ្វើទស្សនកិច្ចលើកនេះ ធ្វើឡើងបន្ទាប់ពី លោកបានមកបំពេញទស្សនកិច្ច នៅកម្ពុជាក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងឆ្នាំ២០១៤មកម្ល៉េះ