ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ ខែមីនាឆ្នាំ២០២២ នេះ បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខា លើឯកសារសំខាន់ចំនួន០២។

ឯកសារទាំងពីរនេះបានចុះហត្ថលេខា ដោយ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា ឯកសារទាំងពីរនោះរួមមាន៖
១- គម្រោងទទួលបានថាមពលកើតឡើងវិញ ប្រកបដោយបរិយាបន្ន នៅតំបន់ជនបទ ដែលមានទំហំទឹកប្រាក់ ២០០លានយ៉េន ស្មើនឹង ១,៧ លានដុល្លារអាមេរិក។
២- គម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋាន តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ដែលមានទំហំទឹកប្រាក់ ៣០០ លានយ៉េន ស្មើនឹងប្រមាណ ២,៦ លានដុល្លាអាមេរិក៕
